ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅក្នុងភូមិមួយក្នុងខេត្ត អ៊ីទូរី (Ituri) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ២៥ នាក់កាលពីថ្ងៃអាទិត្យ (០៧ មេសា) បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល និងឯកសាររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍។

របាយការណ៍បានឱ្យដឹងថា ក្រុមសហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ (CODECO) ដែលជាកងជីវពលមួយក្នុងចំណោមកងជីវពលជាច្រើនដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើតដែលគ្របដណ្ដប់ដោយជម្លោះ បានធ្វើការសម្លាប់នៅក្នុងភូមិ ហ្កាឡាយី (Galayi) ចម្ងាយ ៧០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង ប៊ូនៀ (Bunia)។

លោក បានហ្សាឡា ដាននី (Banzala Danny) ប្រធានតំបន់ និងលោក វីតាល ទុងហ្គូលូ (Vital Tungulo) មេដឹកនាំសង្គមស៊ីវិលបានប្រាប់សារព័ត៌មានរ៉យទ័រ ថាសាកសពចំនួន ១៥ នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ បន្ថែមពីលើសាកសពចំនួន ១០ នាក់ដែលត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍។

ក្រុមកងជីវពល សហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ CODECO និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ដែលជាក្រុមជីវពលមួយទៀត ទទួលខុសត្រូវចំពោះការសម្លាប់ជនស៊ីវិលភាគច្រើននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើយោងតាមរបាយការណ៍របស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញផ្សាយក្នុងខែមីនា៕