អាជ្ញាធរអេក្វាឌ័រ បានចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក ហ័រហេ ក្លាស (Jorge Glas) កាលពីល្ងាចថ្ងៃសុក្រ (០៥ មេសា) ដោយបានសម្រុកចូលចាប់ខ្លួនលោកពីក្នុងស្ថានទូតម៉ិកស៊ិក ដែលជំរុញឱ្យម៉ិកស៊ិក ផ្អាកទំនាក់ទំនងទ្វេភាគី។

លោក ក្លាស វ័យ ៥៤ ឆ្នាំដែលត្រូវបានកាត់ទោសពីបទពុករលួយចំនួនពីរដង បានពួននៅក្នុងស្ថានទូតម៉ិកស៊ិកក្នុងរដ្ឋធានីគីតូ ចាប់តាំងពីការស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងខែធ្នូ ដោយជាសំណើដែលម៉ិកស៊ិក បានយល់ព្រមកាលពីថ្ងៃសុក្រ។

ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានបង្ហោះនៅលើគេហទំព័របណ្ដាញសង្គម X ថា នគរបាលបានសម្រុកចូលទៅក្នុងស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងគីតូ ដោយបង្ខំ នៅមុនពេលការចាប់ខ្លួននោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអេក្វាឌ័របានចោទប្រកាន់ម៉ិកស៊ិកថា «បានរំលោភលើអភ័យឯកសិទ្ធិ និងសិទ្ធិពិសេសដែលផ្តល់ដល់បេសកកម្មការទូត ដែលលាក់ទុកអតីតអនុប្រធានាធិបតី និងការផ្តល់សិទ្ធិជ្រកកោនការទូតដែលផ្ទុយនឹងក្របខ័ណ្ឌច្បាប់សាមញ្ញ»។

ប្រធានាធិបតីម៉ិកស៊ិកនិយាយថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) ឱ្យផ្អាកទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ ដោយហៅការចាប់ខ្លួននេះថាជាទង្វើ «ផ្តាច់ការ» និងការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ម៉ិកស៊ិក៕