ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសចិន បានកត់ត្រា ចំនួនអ្នកធ្វើដំណើរក្នុងស្រុកជាង៧៤០លាននាក់ នៅឆ្នាំនេះ អំឡុងថ្ងៃឈប់សម្រាកបីថ្ងៃនៃពិធីបុណ្យឆេងម៉េង ឬសែនផ្នូរ (Qingming Festival) ដែលបានបន្តពីថ្ងៃទី៤ខែមេសា ដល់ថ្ងៃទី៦មេសា ខណៈការធ្វើដំណើររបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ។
ក្រសួងដឹកជញ្ជូន បាននិយាយថា មានការធ្វើដំណើរជាមធ្យម ២៤៦,៨ លាននាក់ ក្នុងមួយថ្ងៃ អំឡុងរយៈពេល៣ថ្ងៃមកនេះ ស្មើប្រមាណ៥៣,៥% បើធៀបទៅនឹងឆ្នាំមុន។

ទិន្នន័យបង្ហាញថា ជាពិសេស ការធ្វើដំណើរប្រចាំថ្ងៃតាមរថភ្លើង ជាមធ្យម១៦,៥៦លាននាក់ ស្មើ៧៥,១% តាមផ្លូវទឹក ជាមធ្យម៩១៦.០០០នាក់ ស្មើ៨៤,៤% និងតាមយន្តហោះ ជាមធ្យមប្រមាណ ១,៦៨ លាននាក់ ស្មើ២១,៩ % ។
តាមការបង្ហាញទិន្នន័យដដែល ការធ្វើដំណើរតាមផ្លូវគោក សរុបចំនួន៦៨២,៩២ លាននាក់ អំឡុងពេលវេលានេះ ខណៈជាមធ្យមប្រចាំថ្ងៃមានចំនួន២២៧,៦៤ លាននាក់ ស្មើ៥២,៣% ធៀបទៅនឹងឆ្នាំមុន ។

ពិធីបុណ្យ ឆេងម៉េង ឬសែនផ្នូរ (Qingming Festival ឬ Tomb-Sweeping Day) គឺជាពិធីបុណ្យតាមប្រពៃណីចិន សម្រាប់ជាឱកាសរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាការបួងសួងដល់ជីដូនជីតា ដែលបានមរណកាលទៅហើយ អំឡុងពិធីនេះ វាក៏ជាសកម្មភាពដើរកម្សាន្ត និងការទទួលទានអាហារជុំគ្រួសារនៅខាងក្រៅគេហដ្ឋានតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសចិនផងដែរ ៕