បាត់ដំបង ៖ ថ្ងៃទី២២ ខែកក្កដានេះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានដឹកនាំក្រុមការងារចុះបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ប្រចាំទិសបាត់ដំបង។ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC)។
ជាមួយគ្នានោះដែរទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង បុគ្គលិកស៊ីម៉ាក់ទាំងអស់ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលស៊ីម៉ាក់ដែលបាននឹងកំពុងបំពេញការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនៈក្នុងការបម្រើជាតិមាតុភូមិ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជានៅទីជនបទតាម រយៈសកម្មភាពបោសសម្អាតមីន។
ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាដែលកំពុងបង្កហានិភ័យ ខ្ពស់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តីបានណែនាំឲ្យបុគ្គលិកស៊ីម៉ាក់ទាំងអស់ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ និងថែរក្សាសុខភាពជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ឲ្យបានជាប្រចាំ ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថាគិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រីស៊ីម៉ាក់ ចំនួន៩នាក់បានឆ្លងជំងឺកូវីដ១៩ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារ ចំនួន៥នាក់(នៅក្នុងសហគមន៍ស្រអែម)។
ក្នុងឱកាសនោះដែរ ក៏មានការផ្ដល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនដល់ទីបញ្ជាការមជ្ឈមណ្ឌលស៊ីម៉ាក់ប្រចាំទិសបាត់ដំបង និងឧបត្ថម្ភបុគ្គលិកដោះមីនស៊ីម៉ាក់ចំនួន០២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងម្នាក់ទទួលបានថវិកាចំនួន៨០ម៉ឺនរៀលផងដែរ៕




