នៅថ្ងៃទី ៨ ខែមេសានេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ។ ក្នុងពិធីបើកឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងថា រហូតមកដល់បច្ចុប្បន្នក្រសួងផែនការបានកំណត់អត្តសញ្ញាណគ្រួសារក្រីក្របានប្រមាណ១លាន២សែនគ្រួសារ ហើយបច្ចុប្បន្នគ្រួសារទាំងនោះបានទទួលអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្ត្រី ប៊ិន ត្រឈៃ ថ្លែងថា ក្រសួងផែនការជាសេនារបស់រាជរដ្ឋាភិបាល បានធ្វើការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យដំបូងនៅឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣នេះ ក្រសួងផែនការបានកំណត់អត្តសញ្ញាណកម្មគ្រួសារ និងគ្រួសារងាយរងហានីភ័យ បានប្រមាណ១លាន២សែនគ្រួសារសរុបមនុស្សប្រមាណជាង៥លាននាក់ ក្នុង ១.២លានគ្រួសារនេះ មានគ្រួសារក្រីក្រជាង ៨០ ម៉ឺនគ្រួសា គ្រួសារងាយរងហានិភ័យ ៤០ ម៉ឺនគ្រួសារ និងគ្រួសារដែលមានផ្ទុកជំអងឺអេដស៍ និងមេរោគអេដស៍ ២ ម៉ឺនគ្រួសារ។

ឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងថា ទិន្នន័យពីការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានយកទៅប្រើប្រាស់ក្នុងកម្មវិធីគាំពារសង្គម និងជំនួយសង្គមផ្សេងៗ ហើយបច្ចុប្បន្នក្រសួងបាននិងកំពុងគិតគូធ្វើនវានុវត្តន៍និងបដិវត្តន៍កម្មឌីជីថល នៃនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សំដៅបង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលា ផ្តល់និន្នន័យដែលមានបច្ចុប្បន្នភាព និងកាត់បន្ថយការចំណាយក្នុងការអនុវត្តផងដែរ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ ថ្លែងថា ការចុះបញ្ជីឈ្មោះគ្រួសារក្រីក្រ នៅតាមមូលដ្ឋានឃុំសង្កាត់ បច្ចុប្បន្នគឺធ្វើតាមគោលការណ៍ច្បាស់លាស់ និងមានប្រាំជំហាន រួមមាន៖ ១ ការដាក់ពាក្យសុំសម្ភាសន៍គ្រួសារក្រីក្រ ២ក្រុមការងារឃុំសង្កាត់សម្រេចលើពាក្យសុំ ៣ ក្រុមការងារចុះសម្ភាសន៍ ៤ ក្រុមការងារឃុំសង្កាត់ធ្វើសុពលភាពសម្ភាសន៍ និងទី៥ ផលិតផ្តល់បណ្ណមូលនីធិសមធម៌ ហើយបច្ចុប្បន្នក្រុមការងារក៏កំពុងត្រៀមខ្លួនអនុវត្តកម្មវិធីកញ្ចប់គ្រួសារពេលអនាគត ។
ឯកឧត្តម បន្តថា ក្រៅពីនេះ ក្រសួងក៏ធ្វើការងារគាំទ្រនានាទៀត រួមមាន៖ ការវាស់វែងភាពក្រីក្ររបស់កុមារ និងប្រជាជនកម្ពុជាដោយផ្អែកលើចំណូលចំណាយ និងផែ្អកលើពហុសមាភាគ ការងារលើកកម្ពស់ស្ថានភាពអាហារូបត្ថម និងតាមរយៈការបញ្ចូលមីក្រួសារជាតិក្នុងចំណីជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

