ទឹកជំនន់ បានហក់ឡើងខ្ពស់នៅក្នុងទីក្រុងចំនួនពីរនៅតំបន់ភ្នំ អ៊ូរ៉ាល់(Ural) ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា បន្ទាប់ពីទន្លេវែងបំផុតទីបីនៅអឺរ៉ុប បានហូរបុកទំនប់ដោយបានជន់លិចលំនៅឋានយ៉ាងហោចណាស់ ១០.០០០ខ្នង និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួន ដោយយកទៅជាមួយបាននូវសត្វចិញ្ចឹម និងរបស់របរមួយចំនួន។

ទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងទៅនេះ បានវាយលុកនៅតំបន់ជាច្រើនរបស់រុស្ស៊ី នៅតំបន់ភ្នំ Ural និងតំបន់ស៊ីបេរី រួមជាមួយផ្នែកមួយចំនួននៅប្រទេសកាហ្សាក់ស្ថាន ដែលនៅជិតខាង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
អភិបាលក្រុង Orsk លោកវ៉ាសាលី កូហ្ស៊ូពីតសា(Vasily Kozupitsa) ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដកស្រង់សម្តីដោយនិយាយថាទន្លេទីពីរនៅក្នុងទីក្រុងគឺទន្លេ យ៉េលសានកា(Yelshanka) បានបាក់ច្រាំងហើយវិធានការនានាកំពុងត្រូវបានអនុវត្តដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងផលប៉ះពាល់។

យោងតាមអាជ្ញាធរតំបន់បានឱ្យដឹងថា មនុស្សជាង ៦.១០០នាក់ ត្រូវបានជម្លៀសចេញពីទីតំបន់ដែលមានប្រជាជនចំនួន ២៣០.០០០នាក់ រួចហើយ។ សាលារៀនចំនួន ១៥កន្លែង ក្នុងចំណោម ៤០ កន្លែង ត្រូវបានជន់លិច។ វីដេអូដែលចេញផ្សាយដោយក្រសួងសង្គ្រោះបន្ទាន់ បានបង្ហាញថា មនុស្សជាច្រើន កំពុងធ្វើដំណើរឆ្លងកាត់ទឹកដែលមានជម្រៅត្រឹម ក និងបានជួយសង្គ្រោះសត្វសុនខដែលជាប់ខ្លួន និងបានធ្វើដំណើរតាមដងផ្លូវលិចទឹកតាមទូក។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មនុស្សពេញវ័យចំនួន ៦នាក់ និងកុមារ ៣ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបស់ពួកគេពុំគំរាមកំហែងដល់អាយុជីវិតនោះទេ។
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីទទួលបន្ទុកគ្រាអាសន្ន ធ្វើដំណើរតាមយន្តហោះទៅកាន់តំបន់រងគ្រោះ។