ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យ ថាមនុស្ស៦នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានវាយប្រហារតំបន់មាត់សមុទ្រជិតតំបន់ហ័រលៀន (Hualien)នៅកោះតៃវ៉ាន់ ហើយការងារស្វែងរកនិងសង្គ្រោះ នៅតែបន្តនៅឡើយ ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ នៅតែបាត់ខ្លួន នៅក្នុងឧស្យានតារ៉ូកូ (Taroko) ក្នុងស្រុកហ័រលៀន រួមទាំងភៀសទេសចរជនជាតិអូស្ត្រាលី២នាក់ ហើយជនទី៦ កំពុងបាត់ខ្លួននៅជិតតំបន់ជីកយករ៉ែមួយកន្លែង ។

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សជាង៣០០នាក់ ត្រូវបានជម្លៀស កាលពីថ្ងៃអាទិត្យ។
គិតត្រឹមម៉ោង៣រសៀលថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនេះបានកើនឡើងដល់១៣នាក់ និងមនុស្ស១.១៤០នាក់ រងរបួស។
កាលពីចុងសប្ដាហ៍នេះ ពលរដ្ឋដែលភៀសខ្លួន ជ្រកកោននៅតាមជម្រកបណ្ដោះអាសន្ន បាននិយាយថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់ទៅលំនៅឋានវិញទេ ខណៈរលករញ្ជួយដីនៅតែបន្តអង្រួនតំបន់ភាគខាងកើតរបស់កោះនេះ៕