ប្រធានអង្គភាពសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប លោក ឌីអា រ៉ាស្វាន(Diaa Rashwan) បាននិយាយថា ប្រទេសអេហ្ស៊ីប បានសម្រេចបង្កើនចំនួនរថយន្តដឹកស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់អាហារសម្រាប់តំបន់ហ្កាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ដល់យ៉ាងហោចណាស់ ៣០០ គ្រឿង ក្នុងមួយថ្ងៃ ដោយចាប់ពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Rashwan បាននិយាយថា រថយន្តសរុបចំនួន ១៩.៣៥៤គ្រឿងបានចូលទៅក្នុងតំបន់ហ្កាហ្សាពីច្រកឆ្លងកាត់ទីក្រុង Rafah ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានដឹកបរិក្ខាពេទ្យចំនួន ១៩.៩៥២តោន ប្រេងឥន្ធនៈ១០.៤៣៥តោន ស្បៀងអាហារ១២៣.៤៥៣តោន ទឹក ២៦.៦៩២ តោន តង់និងក្រណាត់តង់២.០២៣តោន សម្ភារៈសង្គ្រោះ៤៤.១០៣តោន និងរថយន្តសង្គ្រោះបន្ទាន់មានបំពាក់សម្ភារៈចំនួន ១២៣ គ្រឿង។

សេចក្តីថ្លែងការណ៍និយាយថា បន្ថែមពីលើនេះ អ្នករងរបួស និងអ្នកជំងឺចំនួន ៣.៧៦៤នាក់ មកពីតំបន់ហ្កាហ្សា បានចូលទៅក្នុងប្រទេសអេហ្ស៊ីបដើម្បីព្យាបាល រួមជាមួយគ្រួសារចំនួន ៦.១៩១នាក់ ។
លោក Rashwan បាននិយាយជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីប ក្នុងការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងបានសន្យាថានឹងខិតខំជាបន្តបន្ទាប់ ដើម្បីបង្កើនចំនួនជំនួយទៅកាន់តំបន់នេះ។