បន្ទាប់ពីការពន្យារពេលបីម៉ោងកន្លះ ក្រុមហ៊ុនឆ្នោតផ្សងសំណាង ផៅវើបល (Powerball) របស់សហរដ្ឋអាមេរិក បានចាប់លេខដែលឈ្នះរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ (០៧ មេសា) ហើយក្រោយមកបាននិយាយថាអ្នកលេងម្នាក់នៅក្នុងរដ្ឋ អូរ៉េហ្គន (Oregon) បានផ្គូផ្គងលេខទាំងអស់ដោយឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១,៣ ពាន់លានដុល្លារ។
លេខដែលឈ្នះសម្រាប់ការចាប់ឆ្នោតនោះគឺ ២២ ២៧ ៤៤ ៥២ ៦៩ លេខសំណាងចុងក្រោយគឺលេខ ៩។

អត្តសញ្ញាណ និងទីតាំងរបស់អ្នកឈ្នះមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែអ្នកដែលមានសំណាងម្នាក់នេះ បានយកឈ្នះលើប្រូបាប ១ លើ ២៩២.០០០.០០០ ក្នុងការត្រូវរង្វាន់ធំនេះ ដែលបានកើនឡើងជារៀងរាល់សប្តាហ៍ដោយពុំមានអ្នកឈ្នះសោះចាប់តាំងពីដើមខែមករា មក។

ក្រុមមន្ត្រីឆ្នោតបានឲ្យដឹងថា ការចាប់ឆ្នោតត្រូវបានពន្យារពេលចាប់ពីម៉ោង ១០:៥៩ នាទីយប់ (ម៉ោងក្នុងស្រុក) ថ្ងៃសៅរ៍ រហូតដល់ម៉ោង ២:២៩ ព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយសាររដ្ឋមួយក្នុងចំណោមរដ្ឋដែលបានចូលរួមលេងឆ្នោតនេះ ត្រូវការពេលវេលាបន្ថែមទៀតដើម្បី «បំពេញនីតិវិធីនៃការចាប់ឆ្នោតជាមុន ដែលត្រូវបានអនុម័តដើម្បីការពារសុវត្ថិភាព និងភាពសុចរិតនៃឆ្នោត ផៅវើបល នេះ»។
រង្វាន់ឆ្នោត ផៅវើបល ដ៏ធំបំផុតគឺទឹកប្រាក់ ២,០៤ ពាន់លានដុល្លារ ដែលត្រូវបានឈ្នះនៅរដ្ឋ កាលីហ្វ័រនីញ៉ា (California) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕