កំពង់ឆ្នាំង៖ ប្រជាសហគមន៍បឹងរនាបសែន ភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលឯកឧត្តមទាំង២នាក់បានផ្តួចផ្តើមគំនិត និងជួយជាថវិកាជីកស្រះទំហំ១៤០០ម៉ែត្រការ៉េភ្លាមៗ ដើម្បីជួយសង្គ្រោះពូជត្រីគ្រប់ប្រភេទ នៅក្នុងបឹងដែលរងគ្រោះដោយការរីងគ្មានទឹក។
ប្រជាសហគមន៍បានអោយដឹងថា៖ ពូជត្រីនៅក្នុងបឹងរនាបសែននេះ នៅសល់ច្រើនប្រភេទណាស់ ហើយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល និងថ្នាក់ដឹកនាំ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជាមួយប្រជាសហគមន៍រនាបសែនបានចូលរួមព្រលែងសង្គ្រោះមេពូជត្រីពីបឹងអភិរក្សចូលក្នុងស្រះទំហំ១៤០០ម៉ែត្រការ៉េ ប្រកបដោយជោគជ័យ។ ប្រជាសហគមន៍រនាបសែន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានជួយដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋក្នុងឃុំទឹកហូតក្នុងការជួយសង្គ្រោះមេពូជត្រីគ្រប់ប្រភេទនៅក្នុងបឹងរនាបសែនទុកបន្តពូជទៅឆ្នាំក្រោយៗទៀត និងទុកមេពូជត្រីទាំងនោះអោយកូនចៅជំនាន់ក្រោយបានស្គាល់ផងដែរ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលដំបូងខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងសហគមន៍រនាបសែន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំទឹកហូត ត្រូវចេះស្រឡាញ់ និងថែរក្សាពូជត្រីនៅក្នុងបឹងអភិរក្សរនាបសែន អោយនៅគង់វង្សល្អ ។ នៅពេលរដូវវស្សា ឬរដូវទឹកតំឡើងមកដល់ មេពូជត្រីទាំងនោះនឹងបង្កើតកូនចៅ សាយភាយទៅតំបន់នេសាទ ហើយប្រជាពលរដ្ឋទាំងអស់អាចមានត្រីនេសាទផ្គត់ផ្គង់ជីវភាពគ្រួសារបានជារៀងរហូត ដោយមិនភ័យខ្លាចអត់ត្រីហូបឡើយ។ ក៏ប៉ុន្តែ បើបងប្អូនចង់បានមេពូជត្រីទាំងអស់នៅពេលនេះ នោះបងប្អូននឹងមិនមានត្រីហូបទៅឆ្នាំក្រោយឡើយ ហើយពូជត្រីទាំងអស់នឹងផុតពូជយ៉ាងឆាប់រហ័ស៕ ដោយ ៖ កាំង ហុងវាស្នា












