
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) នៅថ្ងៃចន្ទ (០៨ មេសា) នេះបានអំពាវនាវឱ្យមានកិច្ចពិភាក្សាជាមួយប្រទេសប្រទេសចិន ដើម្បីការពារឧប្បត្តិហេតុបន្ថែមទៀតដូចជាការប៉ះទង្កិចនាវា និងការប្រើប្រាស់កាណុងបាញ់ទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
លោក ម៉ាកូស បាននិយាយថា ប្រទេសហ្វីលីពីន បន្តពិភាក្សាជាមួយប្រទេសចិន ហើយកំពុងអស់ជម្រើសទាំងអស់ក្នុងការនិយាយទៅកាន់ថ្នាក់ដឹកនាំចិន ដើម្បីកុំឱ្យមានភាពតានតឹងនៅក្នុងដែនទឹក។
ប្រធានាធិបតីហ្វីលីពីនរូបនេះបន្ថែមថា លោកសង្ឃឹមថា សកម្មភាពសមយុទ្ធដែនសមុទ្ររួមគ្នាជាមួយប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក នឹងកាត់បន្ថយឧប្បត្តិហេតុនៅសមុទ្រជាមួយចិន។ កងកម្លាំងការពារនៃប្រទេសទាំងបួនកាលពីថ្ងៃអាទិត្យ បានអនុវត្ត «សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ» ដែលពាក់ព័ន្ធនឹងនាវាចម្បាំងចំនួន ៥ គ្រឿងនៅសមុទ្រចិនខាងត្បូង។
នៅចុងសប្តាហ៍នេះ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងបើកកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាដូចជាឧប្បត្តិហេតុថ្មីៗនេះនៅក្នុងសមុទ្រចិនខាងត្បូង។
ហ្វីលីពីន និងចិន មានការប៉ះទង្កិចដែនសមុទ្រជាច្រើនដងកាលពីខែមុន ដែលរាប់បញ្ចូលទាំងការប្រើប្រាស់កាណុងបាញ់ទឹក និងការផ្លាស់ប្តូរវោហារសាស្រ្តដ៏ក្តៅគគុក ហើយបានបង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅសមុទ្រ៕