
នៅតំបន់ហ្កាហ្សា ជារៀងរាល់ថ្ងៃនាំមកនូវការស្លាប់កាន់តែច្រើន ខណៈដែលការវាយប្រហារតាមអាកាសបានវាយកម្ទេចអគារជាច្រើនដែលមានក្រុមគ្រួសារកំពុងនៅខាងក្នុងនោះ។ សង្គ្រាមរយៈពេលប្រាំមួយខែបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៣.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ខណៈពុំមានសញ្ញានៃការបញ្ចប់។
ការឡោមព័ទ្ធ ការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោករបស់អ៊ីស្រាអែល បានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិ និងក្រុមមន្ត្រីផ្តល់ជំនួយហៅថា វិបត្តិភាពអត់ឃ្លាន ដែលបង្កើតដោយមនុស្ស។ អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាច្រើនសែននាក់នៅភាគខាងជើងហ្កាហ្សា ប្រឈមនឹងគ្រោះទុរ្ភិក្សដែលជិតមកដល់ ដោយសារមានជំនួយតិចតួចណាស់អាចទៅដល់ពួកគេ។
នៅក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ហ្វូងកុមារ និងបុរសជាច្រើននាក់ នាំគ្នាកាន់ឆ្នាំង កាន់ចានដើម្បីយកអាហារដែលត្រូវបានចែកដោយក្រុមជំនួយ។ តង់បណ្ដោះអាសន្នជាច្រើនបានគ្របដណ្តប់ជាយនៃក្រុងរ៉ាហ្វា (Rafah) ដែលពោរពេញទៅដោយជនជាតិប៉ាឡេស្ទីនរាប់រយពាន់នាក់ ដែលភៀសខ្លួនពីការវាយលុករបស់អ៊ីស្រាអែល នៅក្នុងផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សា។ លំហូរចូលបានធ្វើឱ្យក្រុងរ៉ាហ្វា រីករាលដាលដល់ប្រជាជនប្រមាណ ១,៤ លាននាក់ ដែលជាចំនួន ៥ ដងច្រើនជាងចំនួនប្រជាជនធម្មតា។
ក្នុងរយៈពេលប្រាំមួយខែនេះ គេមិនច្បាស់ថាតើសង្រ្គាមនឹងឈានដល់ទិសដៅអ្វីទេ។ ជាច្រើនសប្តាហ៍នៃការសម្រុះសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា សម្រាប់បទឈប់បាញ់ដ៏យូរមកទល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីសោះ ខណៈសម្ពាធអន្តរជាតិកំពុងបន្តកើនឡើងទាមទារឱ្យបញ្ឈប់សង្គ្រាមនេះ៕