
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកដេវីត កាមេរុន ( Lord Cameron) នឹងព្រមានថា សហរដ្ឋអាមេរិក កំពុងប្រថុយនឹងសន្តិសុខរបស់ ប្រទេសលោកខាងលិច ដោយរារាំងកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅពេលខ្លួនធ្វើទស្សនកិច្ច នៅរដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ។
ក្នុងអំឡុងពេលកិច្ចប្រជុំទល់មុខគ្នា រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ នឹងជំរុញឲ្យលោក Mike Johnson ដែលជាប្រធានសភាតំណាងរាស្រ្ត បញ្ឈប់សហសេវិកមកពីគណបក្សសាធារណរដ្ឋពីការបន្តរារាំងការគាំទ្រដល់អ៊ុយក្រែន។
កាលពីដើមឆ្នាំនេះ ចក្រភពអង់គ្លេស បានប្រកាសផ្តល់ជំនួយចំនួន ២,៥ ពាន់លានផោនបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលសហភាពអឺរ៉ុប បានសន្យាបន្ថែម ៥០ពាន់លានអឺរ៉ូ (៤៣ពាន់លានផោន)។
ប៉ុន្តែ ច្បាប់ផ្តល់មូលនិធិ ៩៥ពាន់លានដុល្លាររបស់លោក បៃដិន ដែលរាប់បញ្ចូលទាំងជំនួយសន្តិសុខដល់អ៊ុយក្រែន កំពុងត្រូវបានរារាំងដោយគូប្រជែងគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីអាមេរិក នៅក្នុងសភាតំណាង គឺចំនួនពាក់កណ្តាលនៃសភាអាមេរិក។
លោកដេវីត កាមេរុន និង លោក Stéphane Séjourné ដែលជាសមភាគីបារាំងរបស់ខ្លួន បានចេញការអំពាវនាវឲ្យមានការរួបរួមគ្នា ដើម្បីជំរុញការគាំទ្រសម្រាប់អ៊ុយក្រែន នៅក្នុងអត្ថបទរបស់សារព័ត៌មាន Telegraph រំលឹកខួបលើកទី១២០នៃសម្ព័ន្ធភាព Entente Cordiale (កិច្ចព្រមព្រៀងអង់គ្លេស-បារាំង)រវាងប្រជាជាតិនានា នៅថ្ងៃចន្ទនេះ។