
ប្រទេសអាល្លឺម៉ង់ប្រឈមមុខនឹងការចោទប្រកាន់ពីប្រទេសនីការ៉ាហ្គ័រ នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះថា ខ្លួនកំពុង «សម្របសម្រួការបញ្ជាឲ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងប៉ាឡេស្ទីនជាមួយនឹងការគាំទ្រផ្នែកយោធា និងនយោបាយសម្រាប់អ៊ីស្រាអែល។
ប្រទេសនីការ៉ាហ្គ័រ បានប្តឹងប្រទេសអាល្លឺម៉ង់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយទាមទារឲ្យ ចៅក្រមដាក់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ទីក្រុងប៊ែរឡាំងផ្តល់អាវុធដល់អ៊ីស្រាអែល និងជំនួយផ្សេង ទៀត។
ប្រទេសអាល្លឺម៉ង់ បានរិះគន់ការចោទប្រកាន់នេះ ដោយលោក Sebastian Fischer អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់អ្នកសារព័ត៌មានមុនសវនាការថា៖«យើងបដិសេធការចោទប្រកាន់ពីប្រទេសនីការ៉ាហ្គ័រ»។
លោក Fischer បានបន្ថែមថា៖«ប្រទេសអាល្លឺម៉ង់ មិនបានរំលោភបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ ឬច្បាប់មនុស្សធម៌អន្តរជាតិទេ ហើយយើងនឹងបង្ហាញរឿងនេះឲ្យបានពេញលេញ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ»។
ប្រទេសនីការ៉ាហ្គ័រ នឹងចាប់ផ្តើមសំណុំរឿងរបស់ខ្លួន នៅថ្ងៃចន្ទនេះ ដោយប្រទេសអាល្លឺម៉ង់ ត្រូវឆ្លើយតបនៅថ្ងៃបន្ទាប់។
នៅក្នុងឯកសារ៤៣ទំព័រដាក់ជូនទៅតុលាការ ប្រទេសនីការ៉ាហ្គ័រ បានបញ្ជាក់ថា អាល្លឺម៉ង់ កំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ដែលបានបង្កើតឡើង បន្ទាប់ពីមានវិនាសកម្មនៃការសម្លាប់រង្គាល។