ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តមលោកជំទាវប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភាថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង សរុបចំនួន ១៧១ រូប។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភានីតិកាលទី៤ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភានីតិកាលមុនៗ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានអនុញ្ញាត និងគាំទ្រឱ្យឯកឧត្តមបានបម្រើព្រឹទ្ឋសភា តាំងពីនីតិកាលដំបូងរហូតដល់ចប់នីតិកាលទី៤។ ទន្ទឹមគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តី បុគ្គលិក បន្តខិតខំលើកកម្ពស់សមត្ថភាពផ្តល់សេវាគ្រប់វិស័យថែមទៀត និងខិតខំបំពេញការងារដោយថែរក្សាវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពដើរតាមការដឹកនាំរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាថ្មី។
ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកច្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងឯកឧត្តមជាអគ្គលេខាធិការព្រឹទ្ធសភា។ ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ។
ក្នុងឱកាសដ៏មហោឡាឫកនោះ ឯកឧត្តម ឡាយ សំកុល បានប្តេជ្ញាចិត្តថា នឹងខិតខំធានានូវនិរន្តភាពការងារ ស្របជាមួយនឹងការផ្លាស់ប្តូរថ្មី គឺត្រូវបន្តអនុវត្ត និងគាំទ្រសមិទ្ធផលនានាដែលសម្រេចបានយ៉ាងប្រត្យក្រ ដោយថ្នាក់ដឹកនាំកំពូលរបស់ព្រឹទ្ធសភានៅក្នុងរយៈពេល៤នីតិកាលកន្លងមក ដើម្បីធានាបាននូវសន្ទុះនៃវឌ្ឍភាពនៅក្នុងការងារ ការបន្តកំណែទម្រង់ស្ថាប័នប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ការលើកកំពស់ប្រសិទ្ធភាពមុខងារ និងការងាររបស់មន្ត្រី, ការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបន្តជំរុញស្ថាប័នឱ្យកាន់តែវិវឌ្ឍទៅតាមសភាបែបទំនើប និងការរីកចម្រើននៃ បច្ចេកវិទ្យា និងសភាដែលកាន់តែបៃតង។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា បានសម្ដែងការកោតសរសើរដោយស្មោះចំពោះស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលព្រឹទ្ធសភាអាណត្តិមុនៗ សម្រេចបានជូនជាតិមាតុភូមិ ក្នុងការអនុវត្តមុខងារស្នូលទាំង៣ គឺមុខងារនិតិកម្ម មុខងារតាមដានការ អនុវត្តច្បាប់និងគោលនយោបាយ និងមុខងារតំណាង។ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ នីតិរដ្ឋត្រូវបានពង្រឹង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រូវបានលើកស្ទួយ ភាពជាតំណាង និងផលប្រយោជន៍របស់ប្រជាជនត្រូវបានធានា និងការពារយ៉ាងម៉ឺងម៉ាត់។ សមិទ្ធផលស្នាដៃ និងវឌ្ឍនភាពការងារដែលព្រឹទ្ធសភាទទួលបាន ពិតជាផ្សារភ្ជាប់ និងមិនអាចខ្វះបាន ជាមួយនឹងការរួមចំណែកជួយរ៉ាប់រងផ្តល់សេវាពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
តាងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា នីតិកាលទី៥ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសមាជិក សមាជិកា ទាំងអស់នៃព្រឹទ្ធសភា ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានថ្លែងការកោតសរសើរ និងអរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីបុគ្គលិកទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំប្រឹងប្រែងរួមគ្នាយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារភារកិច្ចទៅតាមមុខងាររៀងៗខ្លួន នៅក្នុងអាណត្តិកន្លងមក ក៏ដូចជានៅក្នុងការរៀបចំសម័យប្រជុំដំបូង និងកិច្ចប្រជុំលើកទី១របស់ព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយជោគជ័យត្រចះត្រចង់។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានគូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ ដែលសម្តេចតេជោបានលើកឡើង នាសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ កន្លងមក គឺការជំរុញទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភា និងបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តចូលរួមចំណែកអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអគ្គលេខាធិ-ការដ្ឋានព្រឹទ្ធសភាទាំងអស់ សូមបន្តការខិតខំបំពេញការងារ គោរពច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង វិន័យ និងក្រមសីលធម៌មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងជំរុញកិច្ចសហការល្អក្នុងការងារ ដើម្បីរួមចំណែកក្នុងការផ្តល់សេវាជូនព្រឹទ្ធសភាឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីបុគ្គលិកនៃអគ្គលេខាធិការដ្ឋានទាំងអស់ជួយជ្រោមជ្រែងដល់ឯកឧត្តមអគ្គលេខាធិការថ្មី ដើម្បីឱ្យស្ថាប័នអាចប្រមូលផ្តុំកម្លាំងសាមគ្គីជួយទ្រទ្រង់ ដល់សកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រ ចម្រុះវិស័យ ចម្រុះទិដ្ឋភាព ដែលថ្នាក់ដឹកនាំព្រឹទ្ធសភាប្រគល់ជូន៕ ដោយ ៖ ដារ់ា





