ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី “យុវជននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី នៃនាកយដ្ឋានទាំង៥ កាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិសាខារាជធានីភ្នំពេញ និងយុវជនមកពីវិទ្យាល័យមួយចំនួន ក្នុងរាជ ធានីភ្នំពេញ ព្រមទាំងមានអ្នករត់កង់បី សរុបចំនួន១៤០នាក់។
យុទ្ធនាការនេះ មានការដង្ហែរក្បួនចេញពីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ទៅគោលដៅចំនួន២គឺ មុខផ្សារព្រែកជ្រៃ និងមុខផ្សារជម្ពូវ័ន នៅតាមទីតាំងនីមួយៗមាន សំណួរ-ចំលើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដ៏ទៃ ដោយមានរង្វាន់លើកទឹកចិត្តទៀតផង។ ក្នុងឱកាសនេះដែរលោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានក្មួយៗយុវជន កាកបាទក្រហមកម្ពុជា អ្នករត់កង់បីដែលបានចូលរួម ចំណាយពេលវេលា កម្លាំងកាយចិត្ត និងឆន្ទៈមុតមកចូលរួមយុទ្ធនាការនាឱកាសនេះ។
លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នា ចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។ ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុង១ឆ្នាំៗ។ បើតាមរយៈរបាយការណ៍របស់ អគ្គស្នងការនគរបាលចរាចរណ៍ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង១១% បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១៦០០នាក់។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលជាបុត្រីទី ៧របស់កបិលមហាព្រហ្ម សូមប្រទានពរជ័យជូនក្មួយៗ និងបងប្អូនទាំងអស់ ទៅដល់ទីណាសូមមានសុវត្ថិភាព និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕ 8/4/24
អត្ថបទ ៖ សំ ងីម


















