
សមាជិកសភាសំខាន់ ២រូបរបស់សហរដ្ឋអាមេរិក កាលពីអាទិត្យ (ទី៧ ខែមេសា) បានឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើការតាក់តែងសេចក្ដីព្រាងច្បាប់របស់គណបក្សទាំង២ ស្តីពីឯកជនភាពទិន្នន័យ ក្នុងគោលបំណងរឹតបន្តឹងទិន្នន័យអ្នកប្រើប្រាស់ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាចប្រមូលបាន និងផ្តល់ឲ្យជនជាតិអាមេរិកនូវអំណាចក្នុងការទប់ស្កាត់ការលក់ព័ត៌មានផ្ទាល់ខ្លួន ឬបង្ខំឲ្យលុបចោល។
កិច្ចព្រមព្រៀង រវាងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យលោកស្រី Maria Cantwell ដែលជាប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងសភាតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ គឺលោកស្រី Cathy McMorris Rodgers ដែលជាប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់សភា នឹងផ្តល់ឲ្យបុគ្គលម្នាក់ៗនូវការគ្រប់គ្រងលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ហើយតម្រូវឲ្យមានការលាតត្រដាង ប្រសិនបើទិន្នន័យត្រូវបានផ្ទេរទៅឲ្យបរទេស ដែលជាប្រទេសគូអរិ។
គួរបញ្ជាក់ថា សភាបាន និងកំពុងពិភាក្សាអំពីការការពារឯកជនភាពតាមប្រព័ន្ធអ៊ីនធឺណិត ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៩ ចំពេលមានការព្រួយបារម្ភអំពីការប្រើប្រាស់ទិន្នន័យដោយក្រុមហ៊ុនបណ្ដាញសង្គម ដែលរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms, Google របស់ក្រុមហ៊ុន Alphabet ហើយនិង TikTok ដែលគ្រប់គ្រងដោយក្រុម ByteDance ប៉ុន្តែមិនអាចទាន់ឈានដល់ការព្រមព្រៀងបាននៅឡើយទេ។
បណ្ដាជំនួយការបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមេសាថា ពួកគេសង្ឃឹមថា នឹងពន្លឿនច្បាប់នេះឲ្យបានឆាប់។ ទាំងក្រុមហ៊ុន Meta, TikTok និង Google មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ៕