ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញផែនការធំៗចំនួន ៣ ដើម្បីសម្រួចសមត្ថភាពកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសរបស់ខ្លួនត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាមដែលលើកពេលទៅឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញ។
លោក ប៊ុយ សុភ័ណ្ណ បានបញ្ជាក់ថា សម្រាប់ការចំពោះមុខដែលសហព័ន្ធកំពុងអនុវត្ត ទី១-គឺការរៀបចំកីឡាករ-កីឡាការិនីជម្រើសជាតិដើម្បីប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារ នៅពហុកីឡដ្ឋានជាតិមរតកតេជោនាពេលឆាប់ៗខាងមុខ និងទី២-ការរៀបចំនីតិវិធីស្នើសុំទិដ្ឋាការ ដើម្បីបញ្ជូនកីឡាករ ៣រូបទៅហ្វឹកហាត់នៅប្រទេសបារាំងនាខែសីហាខាងមុខ ដើម្បីត្រៀមស៊ីហ្គេម។ ចំណែកទី៣ គឺការត្រៀមរៀបចំការប្រកួតកីឡាប្រដាល់សកលប្រចាំសហព័ន្ធ ដែលបច្ចុប្បន្នសហព័ន្ធកំពុងស្វែងរកអ្នកឧបត្ថម្ភគាំទ្រ។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា សម្រាប់គោលដៅសំខាន់ក្នុងឆមាសទី២ ឆ្នាំ២០២១ នេះ គឺការរៀបចំការប្រកួតប្រចាំសប្ដាហ៍ ឬប្រចាំខែទៅតាមលទ្ធភាពសហព័ន្ធ ដោយផ្ដោតសំខាន់លើការពង្រឹងក្រុមជម្រើសជាតិត្រៀមស៊ីហ្គេមផង និងពង្រឹងមន្ដ្រីបច្ចេកទេស ពិសេសអាជ្ញាកណ្ដាល-ចៅក្រមដើម្បីសម្រួចសមត្ថភាពកាត់សេចក្ដី ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។
តាមរយៈការផែនការបង្វៀនប្រដាល់សកលផ្ទាល់ខ្លួននេះដែរ ក្រៅពីផ្ដោតលើការអភិវឌ្ឍត្រៀមការប្រកួតលើឆាកអន្ដរជាតិ សហព័ន្ធក៏រំពឹងថា នឹងក្លាយជាជំហានថ្មីមួយដើម្បីស្វែងរកការគាំទ្រ និងប្រជាប្រិយភាពឆ្ពោះទៅសហការជាមួយស្ថានីយ៍ផ្សេងៗ ដើម្បីរៀបចំការប្រកួតតាមសង្វៀនទូរទស្សន៍ដូចពីមុនផងដែរ។ ដូច្នេះសហព័ន្ធបានអំពាវនាវដល់អ្នកនិយមស្រលាញ់គាំទ្រ វិស័យកីឡាប្រដាល់សកលចូលរួមជាមួយសហព័ន្ធទាំងអស់គ្នា ដើម្បីពួតដៃអភិវឌ្ឍ និងឆ្ពោះទៅរកភាពជោគជ័យ៕
អត្ថបទ៖ លី ឈុនឡា