
រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយថា ទាហានអ៊ីស្រាអែលបានដកចេញពីតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ជាការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសឹកនាពេលអនាគត រួមទាំងនៅទីក្រុងភាគខាងត្បូង Rafah ផងដែរ ។
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបន្សល់ទុកតែកងពលតូចមួយអង្គភាពប៉ុណ្ណោះ ស្របពេលខ្លួន និងក្រុមហាម៉ាស បានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់ដ៏មានសំខាន់នៅក្នុងជម្លោះរយៈពេល៦ខែមកនេះ ។
អ៊ីស្រាអែលកំពុងកាត់បន្ថយចំនួនកងទ័ពនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីដើមឆ្នាំមកនេះ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពរបស់កងកម្លាំងបម្រុង ហើយកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន ឲ្យស្រោចស្រង់ស្ថានភាពមនុស្សធម៌ ជាពិសេសបន្ទាប់ពីការសម្លាប់បុគ្គលិកជំនួយ៧នាក់កាលពីសប្តាហ៍មុន ។
លោក Gallant បាននិយាយអំឡុងជំនួបជាមួយក្រុមមន្រ្តីយោធាថា កងកម្លាំងនៅតែមាន ហើយនិងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសឹកបន្ទាប់របស់ពួកគេ ដែលរួមទាំងប្រតិបត្តិការនៅទីក្រុង Rafah ផងដែរ ។
សូមបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស ចង់បានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីមានបទឈប់បាញ់ណាមួយ ខ្លួននឹងកម្ចាត់ក្រុមហាម៉ាសឲ្យអស់ពីដែនដីមួយនេះ ៕