
នៅថ្ងៃចន្ទនេះ អាល្លឺម៉ង់ បានបញ្ជូនទាហាន ២០នាក់ដំបូងដែលដាក់ពង្រាយអចិន្រ្តៃយ៍ទៅកាន់ប្រទេសលីទុយអានី ក្រោយប្រទេសទាំង ២បានឯកភាពឲ្យឈរជើងកងពលតូចអាល្លឺម៉ង់នៅរដ្ឋបាល់ទិកមួយនេះ កាលពីចុងឆ្នាំមុន ដែលនៅពេលនោះ ពួកគេបានចាត់ទុកថាជាពេលវេលាប្រវត្តិសាស្រ្ត ។
អំឡុងពិធីលាគ្នានៅអាកាសយានដ្ឋានក្រុងប៊ែរឡាំង រដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់លោក Boris Pistorius និយាយថា វាគឺជាលើកដំបូងហើយដែលពួកយើងឈរជើងអចិន្រ្តៃយ៍នូវអង្គភាពបែបនេះ នៅក្រៅប្រទេសអាល្លឺម៉ង់ ហើយវាក៏ជាថ្ងៃដ៏សំខាន់ផងដែរសម្រាប់សមត្ថភាពការពារជាតិរបស់អង្គការណាតូ និងប្រទេសសម្ព័ន្ធមិត្ត ។
គួរឲ្យដឹងថា លោក Pistorius បាននិយាយកាលពីខែធ្នូ ឆ្នាំមុនថា អង្គភាព Bundeswehr គួរតែត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយកងទ័ពនៅឆ្នាំ ២០២៧ ហើយប្រទេសរបស់លោកមានគោលដៅឈរជើងអចិន្រ្តយ៍នូវទាហាន ៤.៨០០នាក់ និងជនស៊ីវិលប្រហែល ២០០នាក់ ដោយសម្របសម្រួលជាមួយអង្គការណាតូ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ៕