
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) បានប្រាប់សារព័ត៌មាន Reuters ថា ឥឡូវនេះ គឺជាពេលវេលាដ៏ល្អសមរម្យ ដើម្បីបើកកិច្ចពិភាក្សាជាមួយសហភាពមីយ៉ាន់ម៉ា ខណៈដែលរបបយោធាដែលបានដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារាក្នុងឆ្នាំ២០២១ កំពុងខ្សោយទៅៗ។
សហភាពមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងភាពចលាចលពីការបះបោរនៅផ្នែកជាច្រើន ដោយក្រុមសម្ព័ន្ធមិត្តប្រឆាំងរដ្ឋាភិបាលដែលទទួលបានជំនួយពីរដ្ឋាភិបាលរួបរួមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ប៉ុស្តិ៍យោធា និងទីក្រុងជាច្រើន ក្នុងនោះរួមទាំងផ្នែកខ្លះនៃទីក្រុងសំខាន់ៗ នៅជាប់ព្រំដែនជាមួយប្រទេសថៃ កាលពីចុងសប្តាហ៍ផងដែរ។ ការបះបោរ គឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលរបបយោធាមីយ៉ាន់ម៉ា បានជួបប្រទះ ចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ក្នុងឆ្នាំ២០២១។
ពាក់ព័ន្ធនឹងបញ្ហានៅប្រទេសជិតខាងរបស់ខ្លួននេះ ក្នុងបទសម្ភាសន៍មួយនៅកោះរមណីយដ្ឋាន គឺកោះសាមុយ កាលពីថ្ងៃទី៧ ខែមេសា លោក សេដ្ឋា បាននិយាយថា៖ «របបបច្ចុប្បន្នកំពុងចាប់ផ្តើមថមថយកម្លាំងខ្លះហើយ។ ប៉ុន្តែទោះបីជាពួកគេបាត់បង់កម្លាំងក៏ដោយ ក៏ពួកគេមានអំណាច និងអាវុធ។ ប្រហែលជាដល់ពេលវេលាហើយ ដែលត្រូវជំរុញដើម្បីបានឈានដល់កិច្ចព្រមព្រៀងមួយ»។
គួបញ្ជាក់ថា ថៃបាន និងកំពុងបន្តមានការពាក់ព័ន្ធយ៉ាងច្រើន ជាមួយមីយ៉ាន់ម៉ា ចាប់តាំងពីលោក សេដ្ឋា ឡើងកាន់អំណាចក្នុងខែសីហា ក្នុងរួមទាំងការផ្តល់ជំនួយផងដែរ ក្រោមគំនិតផ្តួចផ្តើមមនុស្សធម៌ ក្នុងគោលបំណងត្រួសត្រាយផ្លូវ ដើម្បីឲ្យមានកិច្ចចរចា រវាងក្រុមមានជម្លោះ។
លោក សេដ្ឋា បាននិយាយថា មីយ៉ាន់ម៉ាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រទេសថៃ ហើយថា លោក និងមន្ត្រីថៃផ្សេងទៀតបានពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន នៅប្រទេសមីយ៉ាន់ម៉ា និងដៃគូអន្តរជាតិ ក្នុងនោះរួមទាំងប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។ លោកបានថ្លែងថា៖ «ប្រទេសដែលនៅតែទទួលបានផលច្រើនបំផុត ប្រសិនបើមីយ៉ាន់ម៉ាមានការរួបរួម សន្តិភាព និងវិបុលភាពនោះ គឺថៃ»៕