
វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា នេះគឺជាការបង្ករឿងប្រកបដោយគ្រោះថ្នាក់ ។
លោកថា នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់ខ្លាំងបំផុតដែលមានផលវិបាកអវិជ្ជមានដ៏អាក្រក់បំផុត ។ របបទីក្រុងគីវ នៅតែបន្តសកម្មភាពភេរវកម្មរបស់ពួកគេ ។
រុស្ស៊ីនិយាយថា អ៊ុយក្រែន បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ៣លើកកាលពីថ្ងៃអាទិត្យ ហើយពួកគេទាមទារឲ្យមានការឆ្លើយតបពីលោកខាងលិច បើទោះបីជាទីក្រុងគីវ និយាយថា ពួកគេគ្មានការជាប់ពាក់ព័ន្ធក៏ដោយ ។
ដោយឡែក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយដោយយានដ្រូ ដោយហៅការវាយប្រហារនេះថា ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ជាមួយនឹងលទ្ធភាពក្នុងការធ្វើឲ្យខូចដល់ភាពរឹងមាំនៃប្រព័ន្ធទប់ស្កាត់របស់ម៉ាស៊ីនរ៉េអាក់ទ័រ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitter ទីភ្នាក់ងារ IAEA បានសង្កត់ធ្ងន់ថា ការខូចខាតនៅឯកន្លែងគ្រប់គ្រងដោយរុស្ស៊ី មិនបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរនោះទេ ៕