
រថយន្តដឹកប្រេង ត្រូវបានគេមើលឃើញចូលទៅកាន់តំបន់ហ្កាហ្សា ដោយបើកឆ្លងកាត់ច្រកព្រំដែនទីក្រុង Rafah នាថ្ងៃចន្ទនេះ ស្របពេលដែលជុំថ្មីនៃបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា បានធ្វើឡើងនៅប្រទេសអេហ្ស៊ីប ។
កង្វះខាតប្រេងឥន្ធនៈ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ហាងដុតនំ និងប្រតិបត្តិការសង្រ្គោះនៅក្នុងតំបន់បិទច្រកមួយនេះ ។
ប្រទេសមហាអំណាចលោកខាងលិច បានបញ្ចេញកំហឹងរបស់ពួកគេចំពោះអ្វីដែលពួកគេយល់ឃើញថាគឺជារឿងពុំអាចទទួលយកបានចំពោះការស្លាប់ជនប៉ាឡេស្ទីន និងវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដោយសារការសម្លាប់រង្គាលរបស់យោធាអ៊ីស្រាអែល ក្នុងការកម្ចាត់ក្រុមជីវពលហាម៉ាស់ ។
ខណៈពេលនោះដែរ អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទៅជាផេះផង់ដោយសារការឡោមព័ទ្ធចុងក្រោយរបស់អ៊ីស្រាអែល ដោយបន្សល់ទុកត្រឹមតែសំបកទទេជាមួយនឹងសាកសពជាច្រើន ។
បុគ្គលិករបស់ WHO ដែលទទួលបានសិទ្ធិចូលទៅកាន់ទីតាំងដ៏បំផ្លិចបំផ្លាញនេះកាលពីថ្ងៃសុក្រ សប្តាហ៍មុន បាននិយាយពីទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៃសាកសពដែលកប់ដោយផ្នែក និងមានក្លិនស្អុយនៃសាកសពរលួយ ។
សូមបញ្ជាក់ថា នៅថ្ងៃចន្ទនេះ កងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្កាហ្សា បន្ទាប់ពីប្រតិបត្តិការយោធារយៈពេល ២សប្តាហ៍ ៕