
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៨ ខែមេសា) នេះ បាននិយាយថា វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសជប៉ុន គឺតែងតែក្លាយជាឧបសគ្គដល់ទីក្រុងមូស្គូ និងតូក្យូ ក្នុងការឈានដល់សន្ធិសញ្ញាសន្តិភាពណាមួយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ។
កិច្ចប្រជុំនេះ គឺសំដៅបង្ហាញពីទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចជិតស្និទ្ធរបស់ប្រទេសទាំង២ ដោយមេដឹកនាំទាំង២ រំពឹងថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឧបករណ៍ការពារជាតិ និងការធ្វើឲ្យប្រសើរឡើងដែលអាចកើតមាន សម្រាប់រចនាសម្ព័ន្ធបញ្ជាការយោធាអាមេរិក នៅប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងសម្ព័ន្ធភាពរបស់ប្រទេសទាំង២ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ "សម្ព័ន្ធភាពការពារជាតិជាក់ស្ដែងមានរួចហើយ ហើយយើងដឹងអំពីសក្ដានុពលយោធារបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសជប៉ុន ដោយនៅជិតព្រំដែនរបស់យើង។ ការឈរជើងនេះតែងតែជាឧបសគ្គ ក្នុងកិច្ចប្រឹងប្រែងឲ្យបានឈានទៅដល់ការដោះស្រាយនូវបញ្ហាចម្បងរបស់យើង ពោលគឺបញ្ហាសន្ធិសញ្ញាសន្តិភាព»។
រុស្ស៊ីដែលជារដ្ឋស្នងតំណែងដ៏សំខាន់របស់សហភាពសូវៀត ហើយនិងប្រទេសជប៉ុន មិនធ្លាប់ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការ ដើម្បីបញ្ចប់អរិភាពរបស់ពួកគេ អំឡុងសង្គ្រាមលោកលើកទី២ នោះទេ។ ជម្លោះទឹកដី ជុំវិញខ្សែកោះប៉ាស៊ីហ្វិកដែលប្រទាញប្រទង់គ្នា ដែលនៅរុស្ស៊ីគេស្គាល់ថា ជាកោះគូរីល ហើយនៅបជប៉ុនត្រូវបានស្គាល់ថា ជាដែនដីភាគខាងជើងនោះ គឺជាបញ្ហាដ៏ធំ៕