ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍ (២២ កក្កដា) ចំពោះការសិក្សាថ្មីៗបានបង្ហាញថា មនុស្សរាប់លាននាក់បានស្លាប់នៅក្នុងប្រទេសដោយសារជំងឺ COVID-19 ដែលលើសច្រើនដងនៃចំនួនអ្នកស្លាប់ផ្លូវការជិត ៤២០.០០០នាក់។

ទោះយ៉ាងណា រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌាកំពុងកែតម្រូវទិន្នន័យរបស់ពួកគេ បន្ទាប់ពីបានដោះស្រាយជាមួយនឹងករណីឆ្លងហក់ឡើងខ្ពស់ ដល់ចំណុចកំពូលកាលពីក្នុងខែមេសា និងឧសភា។ កាលពីថ្ងៃអង្គារ ការសិក្សារបស់ក្រុមស្រាវជ្រាវមជ្ឈមណ្ឌលអភិវឌ្ឍន៍សកលអាមេរិកបានលើកឡើងថា មានមនុស្សចន្លោះពីជាង ៣លាន ៤សែននាក់ទៅ ៤លាន ៧សែននាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌា ដែលចំនួននេះស្ថិតនៅចន្លោះពី ៨ ទៅ ១១ដងនៃចំនួនផ្លូវការដែលរដ្ឋាភិបាលឥណ្ឌាបានកត់ត្រា។
នោះនឹងធ្វើឱ្យប្រទេសនេះមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។ បច្ចុប្បន្នចំនួនអ្នកស្លាប់ផ្លូវការរបស់ខ្លួនមានចំនួន ៤១៩,៥០២នាក់ បន្ទាប់ពីសហរដ្ឋអាមេរិកមានចំនួន ៦២៦,១៥៧នាក់ និងប្រេស៊ីលមានចំនួន ៥៤៧,១៣៤នាក់៕
អត្ថបទ៖ សុខមាន