
ខណៈពេលដែលការធ្វើដំណើរយ៉ាងគគ្រឹកគគ្រេង សម្រាប់ពិធីបុណ្យដ៏ធំ គឺពិធីបុណ្យ Eid (អ៊ីដ) នៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំនោះ ប្រជាជនឥណ្ឌូនេស៊ី នៅឆ្នាំនេះ មានជម្រើសធ្វើដំណើរថ្មីមួយដែលអាចកាត់បន្ថយពេលវេលាបានយ៉ាងច្រើន នោះគឺតាមរថភ្លើងល្បឿនលឿនពីទីក្រុង Jakarta (ហ្សាការតា) ទៅទីក្រុង Bandung (បានដាំង)។
ប្រជាជនជាង ១៩៣លាននាក់ ឬ ៧០ភាគរយនៃចំនួនប្រជាជនឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅផ្ទះសម្បែងរបស់ពួកគេ ដែលជាចំនួនកើនឡើងច្រើនជាង ៥៥ភាគរយ ធៀបនឹងឆ្នាំមុន។ សម្រាប់ប្រជាជនឥណ្ឌូនេស៊ីជាច្រើន ពិធីបុណ្យ Eid គឺជាពេលតែមួយគត់ដែលពួកគេបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ។ មនុស្សជាច្រើនក៏នឹងប្រើប្រាស់រថភ្លើងល្បឿនលឿនដែលត្រូវបានគេស្គាល់ឈ្មោះថា Whoosh (វ៉ូសហ៍) ជាលើកដំបូងផងដែរ ដើម្បីធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន។
មន្ត្រីឥណ្ឌូនេស៊ីបានឲ្យដឹងថា សមត្ថភាពផ្ទុកអតិបរមារបស់រថភ្លើង សម្រាប់រយៈពេលនៃពិធីបុណ្យនេះ គឺប្រហែល ៣០០.០០០នាក់ ដោយការស្ទង់មតិរបស់ទីភ្នាក់ងារគោលនយោបាយដឹកជញ្ជូនបានប៉ាន់ប្រមាណថា អ្នកដំណើរជាង ១,៤លាននាក់ចង់ប្រើប្រាស់រថភ្លើង អំឡុងពេលនោះ។
រថភ្លើង Whoosh ដែលបានចាប់ផ្តើមដំណើរការក្នុងខែតុលាឆ្នាំមុន រត់បានប្រហែល ១៤២គីឡូម៉ែត្រ ក្នុងរយៈពេលយូរបំផុត ៤៦នាទី។ រដ្ឋាភិបាលក៏មានគម្រោងពង្រីកខ្សែរថភ្លើង Whoosh ទៅកាន់ទីក្រុង Surabaya ដែលជាទីក្រុងធំបំផុតទី២របស់ឥណ្ឌូនេស៊ីផងដែរ។ ចម្ងាយផ្លូវ Jakarta-Surabaya ប្រវែង ៧៨០គីឡូម៉ែត្រ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរ ១០ម៉ោង តាមឡាន និងតាមរថភ្លើងធម្មតា មកត្រឹម ៣ម៉ោងកន្លះជាមួយនឹងរថភ្លើងល្បឿនលឿននេះ៕