
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian នៅថ្ងៃចន្ទ (ទី៨ ខែមេសា) បានជួបជាមួយសមភាគីស៊ីរី លោក Faisal Mekdad អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាស ដោយមានរយៈពេល ១សប្តាហ៍ បន្ទាប់ពីស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីនោះ ត្រូវបានគេកំណត់គោលដៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
អ៊ីរ៉ង់បានប្តេជ្ញាសងសឹក ចំពោះការស្លាប់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍ចំនួន ៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ដោយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូល បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា) ថា ស្ថានទូតអ៊ីស្រាអែលលែងមានសុវត្ថិភាពទៀតហើយ។
លោក Amirabdollahian ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់តំបន់ កាលពីថ្ងៃអាទិត្យ នៅទីក្រុង Muscat ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad អំឡុងទស្សនកិច្ចរបស់លោកនេះ។
គួរបញ្ជាក់ដែរថា អគារកុងស៊ុលអ៊ីរ៉ង់ថ្មីមួយ នឹងបើកដំណើរការ នៅយប់ថ្ងៃចន្ទនេះ ពោលគឺនៅជិតអគារដែលត្រូវកំណត់គោលដៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុន៕