
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នៅថ្ងៃចន្ទ (ទី៨ ខែមេសា) បាននិយាយថា សហរដ្ឋអាមេរិកមិនស្វែងរកការផ្ដាច់ខ្លួនចេញពីប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់ សម្រាប់ផលិតផល និងសេវាកម្មរបស់អាមេរិកនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិននោះ លោកស្រី Yellen បានបញ្ជាក់សារជាថ្មីថា សេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ដោយបានកត់សម្គាល់ថា ការផ្ដាច់ខ្លួនចេញពីគ្នាក្នុងទ្រង់ទ្រាយធំ នឹងជាមហន្តរាយសម្រាប់ប្រទេសទាំង២។
លោកស្រី បាននិយាយថា៖ «ក្នុងអំឡុងពេលសន្ទនាគ្នាក្នុងសប្តាហ៍នេះ ខ្ញុំបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកមិនស្វែងរកការផ្តាច់ខ្លួនចេញពីប្រទេសចិនទេ។ សេដ្ឋកិច្ចរបស់ប្រទេសយើងទាំង២ ត្រូវបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ហើយការផ្ដាច់ចេញពីគ្នាទ្រង់ទ្រាយធំ នឹងក្លាយជាមហន្តរាយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសយើងទាំង២។ ប្រទេសចិនគឺជាទីផ្សារដ៏ធំ សម្រាប់ផលិតផល និងសេវាកម្មរបស់អាមេរិក។ ហើយការប្រកួតប្រជែង រវាងក្រុមហ៊ុនរបស់ប្រទេសយើង អាចជំរុញឲ្យមានថាមភាព និងនវានុវត្តន៍កាន់តែខ្លាំងឡើង នៅក្នុងឧស្សាហកម្មអាមេរិក»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ប្រទេសចិននេះ ធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងមក ហើយជាដំណើរទស្សនកិច្ចលើកទី២ របស់លោកស្រីទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោក ក្នុងរង្វង់រយៈពេល ១ឆ្នាំ។ ដំណើរទស្សនកិច្ចរបស់លោក Yellen នឹងមានពីថ្ងៃទី៤ ដល់ទី៩ ខែមេសា៕