បាល់ទាត់៖ ខ្សែប្រយុទ្ធ Everton, Richarlison បានក្លាយជាតួឯកក្នុងការប្រកួតក្រោយស៊ុត ៣គ្រាប់ម្នាក់ឯងក្នុងរយៈពេល ៣០នាទីឱ្យប្រេស៊ីលចាប់ផ្តើមយុទ្ធនាការប្រកួត នៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅជាមួយនឹងជ័យជំនះ ៤-២ លើអាល្លឺម៉ង់។

នេះជាការប្រកួតដែលក្រុមទាំងពីរធ្លាប់ជួបគ្នានៅឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ខណៈក្រុមការពារតំណែងជើងឯកប្រេស៊ីល នៅតែរក្សាជ័យជំនះរបស់ខ្លួនបាន។ ៣គ្រាប់របស់ Richarlison គឺរកបានត្រឹមរយៈពេល ៣០នាទីដំបូងពោលគឺនៅនាទីទី៧, ២២ និង ៣០ មុនពេលដែល Mattheus Cunha ស៊ុតបាល់ ១១ម៉ែត្រមិនបានសំរេចនៅចុងវគ្គទី១។ អាល្លឺម៉ង់ក៏រកបាន ២គ្រាប់មកវិញដែរនៅវគ្គទី២ ដោយ Nadiem Amiri និង Ragnar Ache មុនពេលដែលខ្សែប្រយុទ្ធ Leverkusen, Paulinho បន្ថែមគ្រាប់ចុងក្រោយឱ្យប្រេស៊ីលយកឈ្នះអាល្លឺម៉ង់ ៤-២។ ជ័យជំនះនេះធ្វើឱ្យប្រេស៊ីលឈរលើគេក្នុងពូល D ជាមួយនឹងកូឌីវ័រដែលយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ២-១ ដោយគ្រាប់បាល់ជ័យជំនះរបស់ខ្សែបំរើ AC Milan, Frank Kessie។ ងាកទៅពូល A ក្រុមម្ចាស់ផ្ទះជប៉ុនក៏ចាប់ផ្តើមដោយជ័យជំនះដែរ ក្រោយយកឈ្នះអាហ្វ្រិកខាងត្បូង ១-០ ដោយ Takefusa Kubo ស្របពេលដែលម៉ិកស៊ិកបំបាក់បារាំង ៤-១ ឈរលើគេក្នុងពូល A នេះ។

នៅពូល B រ៉ូម៉ានី និងនូវែហ្ស៊ីឡង់រកបាន ៣ពិន្ទុដូចគ្នាក្រោយជ័យជំនះ ១-០ រៀងខ្លួនលើគូប្រកួត។ រ៉ូម៉ានីបានយកឈ្នះហុងឌុយរ៉ាស ១-០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Elvin Oliva ខណៈនូវែហ្ស៊ីឡង់យកឈ្នះកូរ៉េ ១-០ ដូចគ្នាដោយគ្រាប់បាល់របស់ Chris Wood។ នេះជាជ័យជំនះជាប្រវត្តិសាស្ត្រសំរាប់ក្រុមនូវែហ្ស៊ីឡង់ នៅព្រឹត្តិការណ៍អូឡាំពិកនេះ។ ចំណែកនៅក្នុងពូល C អេស្ប៉ាញធ្វើអ្វីអេហ្ស៊ីបមិនបានបានត្រឹមលទ្ធផលស្មើគ្នា 0-០ ស្របពេលអូស្ត្រាលីយកឈ្នះអាហ្សង់ទីន ២-០ ដោយ Lachlan Wales និង Marco Tilio៕
អត្ថបទ៖នាង សុភាវុធ