គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី៨មេសា សប្ដាហ៍នេះ ថាការស៊ើបអង្កេតរបស់ខ្លួនលើការវាយប្រហារក្នុងសាលប្រគំតន្ត្រី នៅជាយទីក្រុងមូស្គូ បានផ្តល់ភស្តុតាងសំខាន់ៗដែលបង្ហាញថាការងាររៀបចំរបស់ក្រុមជនសង្ស័យឧក្រិដ្ឋកម្ម មានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មរបស់ប្រទេសអ៊ុយក្រែន។

ការបាញ់ប្រហារនៅសាលប្រគំតន្ត្រី ក្រូកាសស៊ីរីហល (Crocus City Hall) កាលពីថ្ងៃសុក្រទី២២មីនា ២០២៤ បន្ទាប់មកមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និង ៥៥១នាក់ ផ្សេងទៀតបានរងរបួស។

តាមសេចក្ដីប្រកាស បានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសនេះ នៅតែបន្តកំណត់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។
ទីភ្នាក់សន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានប្រកាសថ្មីៗនេះថា ខ្លួនបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ក្នុងនោះ ៤នាក់ បានធ្វើសកម្មភាពវាយប្រហារដោយផ្ទាល់។
រុស្ស៊ីធ្លាប់បានលើកឡើងថា ការវាយប្រហារភេរវកម្មនេះ មានទំនាក់ទំនងទៅនឹងអ៊ុយក្រែន ជាការអះអាងដែលអ៊ុយក្រែនបានបដិសេធម្តងហើយម្តងទៀត មិនត្រឹមតែប៉ុណ្ណោះរដ្ឋបាលលោកប្រធានាធិបតីPutin នៅតែចោទថា អាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបជាប់ពាក់ ព័ន្ធការការវាយប្រហារនេះ ទោះប្រទេសទាំងនោះបានទាត់ចោលក៏ដោយ៕