ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ (០៨ មេសា) ថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ដោយសារតែការខូចសុខភាពទាក់ទងនឹងអាហារបំប៉នរបស់រោងចក្រផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ដែលមានផ្ទុកអង្ករមេដំបែក្រហម ឬសារធាតុ បេនី-កូជិ (Beni-koji) បានកើនឡើងដល់ ២១២ នាក់។

ទីភ្នាក់ងារព័ត៌មានជាតិក្យូដូ (Kyodo) បានរាយការណ៍ដោយដកស្រង់ពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ថាតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃអាទិត្យ (០៧ មេសា) ដោយរួមបញ្ចូលទាំងអ្នកដែលបានចូលមន្ទីរពេទ្យពីមុនមកដែរ។

ក្រសួងបានរាយការណ៍ ដោយផ្អែកលើរបាយការណ៍ពីក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលជាអ្នកផលិតសារធាតុ បេនី-កូជិ ថាមនុស្សសរុបចំនួន ១.២២៤ នាក់បានស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រគិតត្រឹមថ្ងៃអាទិត្យ ហើយការសាកសួរសម្ដែងកង្វល់ប្រហែល ៥៣.០០០ សំណួរត្រូវបានបញ្ជូនទៅក្រុមហ៊ុននេះ។

អាហារបំប៉នលាយអង្ករដំបែក្រហមរបស់ក្រុមហ៊ុន ដែលមានឈ្មោះថាសារធាតុ បេនី-កូជិ ដែលមានប្រសិទ្ធភាពជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់ចំនួន ៥ នាក់ដោយសារជំងឺតម្រងនោម។
ផលិតផល ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាប្រភេទគ្រាប់ ដែលត្រូវបានផ្សព្វផ្សាយជាមួយនឹងឥទ្ធិពលនៃការបញ្ចុះកម្រិតកូឡេស្តេរ៉ុល LDL ហើយត្រូវបានលក់ប្រហែល ១ លានកញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំនេះ៕