ការិយាល័យអាកាសធាតុរដ្ឋនៃប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (០៨ មេសា) បានព្រមានអំពីសន្ទស្សន៍កម្ដៅដ៏ក្តៅគគុករហូតដល់ ៥១ អង្សាសេ នៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន ៩ នៅទូទាំងប្រទេស។

ការិយាល័យរដ្ឋបាននិយាយថា តំបន់ចំនួនប្រាំបួននៅក្នុងប្រទេសហ្វីលីពីន ត្រូវបានចាត់ថ្នាក់មាន «គ្រោះថ្នាក់ខ្លាំង» ដែលអាចមានសីតុណ្ហភាពចាប់ពី ៤២ ដល់ ៥១ អង្សាសេ។
ចំណែកប្រទេសអាស៊ីអាគ្នេយ៍ដែលនៅសេសសល់ជាច្រើនទៀត កំពុងស្ថិតនៅក្រោម «ការប្រុងប្រយ័ត្នជាខ្លាំង» ដោយមានសីតុណ្ហភាពចាប់ពី ៣៣ ទៅ ៤១ អង្សាសេ។
តំបន់ដែលមានសន្ទស្សន៍កម្ដៅកម្រិតគ្រោះថ្នាក់ទំនងជានឹងជួបប្រទះអាកាសធាតុក្តៅក្រហល់ក្រហាយ និងអស់កម្លាំងខ្លាំង ដែលអាចបណ្ដាលឱ្យមានអាការៈថប់ដង្ហើមសន្លប់ដោយសារក្ដៅខ្លាំង ឬហៅម៉្យាងទៀតថា ជំងឺសុរិយរោគ (Heatstroke)។

ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្ដៅខ្លាំង ការិយាល័យអាកាសធាតុហ្វីលីពីន បានណែនាំសាធារណជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន។ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសាលារៀនធ្វើការសិក្សាតាមអនឡាញជាជាងការរៀនទល់មុខគ្នា ដើម្បីការពារសិស្ស ជាពិសេសកុមារពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់នេះ៕