គណបក្សនយោបាយនានាដែលជាសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នឹងប្តេជ្ញាបន្តការពារសម្ព័ន្ធភាព និងឯកភាពគ្នាដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
ថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែររបស់សម្ព័ន្ធភាពគណបក្សនយោបាយទាំង២៨ មានគណបក្សនយោបាយនានា បានបង្ហាញភាពសប្បាយរីករាយដែលមិនធ្លាប់មានសម្រាប់គណបក្សនយោបាយដែលបានចងសម្ព័ន្ធភាព បានជួបជុំគ្នាជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលជាង២ទសវត្សន៍ក្រោយកម្ពុជាទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ដែលអាចផ្តល់ឱកាសដល់គណបក្សនយោបាយដែលមាននិន្នាការសាមគ្គីភាព ឯកភាពជាតិ និងបង្រួបបង្រួម។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លើកឡើងថា ការជួបជុំរបស់សម្ព័ន្ធភាពនៃគណបក្សនយោបាយនានានៅថ្ងៃនេះ គឺជាប្រវត្តិសាស្រ្តដ៏មានតម្លៃបំផុតបន្ទាប់ពីកម្ពុជាមានសុខសន្តិភាព គឺត្រូវការឱ្យមានការបង្រួបបង្រួមគ្នា ជាពិសេសក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងអ្នកបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ជាមួយគ្នា លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គិតមកទល់ពេលនេះ សម្ព័ន្ធភាពរបស់គណបក្សនយោបាយទាំង២៨ បានបន្តការពារនូវការចងសម្ព័ន្ធភាពដ៏មានតម្លៃនេះ ដើម្បីឆ្លុះបញ្ចាំងថាសម្ព័ន្ធភាពគណបក្សនយោបាយមិនមែនជានយោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋដូចគណបក្សដ៏ទៃនោះទេ។
ក្នុងនោលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថា ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពជាមួយគណបក្ស២៧ផ្សេងទៀត មើលឃើញពីការវិវឌ្ឍដ៏រឹងមាំនៃការចងសម្ព័ន្ធភាពនេះដោយសារគណបក្សនយោបាយទាំងអស់មានសាមគ្គីភាព និងសង្គមមានលទ្ធិប្រជាធិបតេយ្យ។
សូមជម្រាបថា អំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាព កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះមិនតម្រូវឱ្យគណបក្សទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ ពោលគណបក្សទាំងអស់គ្នាគឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។
សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ដែលបានចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែមានស្វ័យភាព ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជាមួយគោលការណ៍ទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះ ចំនួន៨ចំណុ៕ អត្ថបទ សេក ឧត្តម
