ក្រុមយុទ្ធជនហេសបូឡា (Hezbollah) បានបាញ់ទម្លាក់យានដ្រូនដែលមានតម្លៃប្រមាណ ៥លានដុល្លាររបស់អ៊ីស្រាអែល។

សារព័ត៌មាន Al Mayadeen របស់អ៊ីរ៉ង់ បានរាយការណ៍ថា វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីយានដ្រូនដែលកំពុងឆេះ ដោយបានធ្លាក់មកដីលើ នៅក្នុងប្រទេសលីបង់។
ក្រុមហេសបូឡា បានអះអាងថា យានដ្រូននេះ គឺម៉ូដែល Hermes 900។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ជាការឆ្លើយតប អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងចំនួនបី ដែលពាក់ព័ន្ធនឹងការការពារដែនអាកាសរបស់ក្រុមហេសបូឡា នៅស្រុកបាអាល់បែក ( Baalbek) ភាគឦសាននៃប្រទេសលីបង់។
ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលលោក Nabih Berri ប្រធានសភាលីបង់ បានចោទប្រកាន់អ៊ីស្រាអែលថា មានចេតនាចង់ «ទាក់ទាញ» ទីក្រុងបេរូត (Beirut)ឲ្យចូលទៅក្នុងសង្រ្គាម ចំពេលមានការព្រមានពីមន្ត្រីអង្គការសហប្រជាជាតិថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ «ត្រូវតែបញ្ឈប់» «ខណៈពេលដែលនៅតែមានឱកាសសម្រាប់ផ្លូវការទូត»។