
កាលពីថ្ងៃចន្ទ ប្រទេសនីការ៉ាហ្គ័រ បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ បង្គាប់ឱ្យប្រទេសអាល្លឺម៉ង់បញ្ឈប់ការនាំចេញសព្វាវុធយោធាទៅកាន់ប្រទេសអ៊ីស្រាអែល និងឱ្យបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ដោយនិយាយថា មានហានិភ័យធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។
សវនាការរយៈពេលពីរថ្ងៃ ស្តីពីវិធានការបន្ទាន់ គឺជាផ្នែកមួយនៃករណីដ៏ធំទូលាយ នាំមកដោយប្រទេសនីការ៉ាហ្គ័រ ដែលចោទប្រកាន់ប្រទេសអាល្លឺម៉ង់ថា បានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ និងច្បាប់នៃសង្គ្រាមដោយការគាំទ្ររបស់ប្រទេសនេះសម្រាប់អ៊ីស្រាអែល។ មន្ត្រី អាល្លឺម៉ង់បាននិយាយថាសំណុំរឿងរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ពុំបានបង្ហាញភាពត្រឹមត្រូវនោះទេ ហើយទីក្រុងប៊ែរឡាំងនឹងបង្ហាញខាងផ្នែករបស់ខ្លួននៅក្នុងតុលាការ នៅថ្ងៃអង្គារនេះ។
យោងតាមអ៊ីស្រាអែលបាននិយាយថា ប្រទេសអាល្លឺម៉ង់ គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់អ៊ីស្រាអែល ចាប់តាំងពីការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់មនុស្ស ១.២០០នាក់។ វាក៏ជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់មួយទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ ដោយបានបញ្ជូនយុទ្ធោបករណ៍ និងសម្ភារៈ មានតម្លៃ ៣២៦,៥ លានអឺរ៉ូ ស្មើរនឹង ៣៥៣,៧០ លានដុល្លារ នៅឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច។
មេធាវីក្នុងប្រទេសអាល្លឺម៉ង់ បានដាក់សំណុំរឿងកាលពីសប្តាហ៍មុនប្រឆាំងរដ្ឋាភិបាល ដើម្បីបញ្ឈប់ការនាំចេញអាវុធ។ សំណុំរឿងរបស់ប្រទេសនីការ៉ាហ្គ័រនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក បានកសាងសំណុំរឿងប្រល័យពូជសាសន៍ ដែលប្រទេសអាហ្វ្រិកខាងត្បូង បាននាំយកមកប្រឆាំងអ៊ីស្រាអែល។
កាលពីខែមករា តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានចេញសេចក្តីសម្រេចការអះអាងរបស់អាហ្រ្វិកខាងត្បូង ដែលថាអ៊ីស្រាអែលបានបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ក្នុងអំឡុងពេលការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា គឺអាចជឿទុកចិត្តបាន ហើយបានបង្គាប់ឱ្យមានវិធានការបន្ទាន់ រួមទាំងការអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍។ ប៉ុន្តែ អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ និងបាននិយាយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។