
យោងតាមការស្ទង់មតិនៅទូទាំងប្រទេសអេហ្ស៊ីប ទួរគី អ៊ីរ៉ាក់ និងទុយនេស៊ី ថ្មីៗនេះទីក្រុងមូស្គូ និងប៉េកាំង កំពុងដើរតួនាទីសំខាន់ជាងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង នាពេលបច្ចុប្បន្ននេះ ជាង១០ឆ្នាំមុន និងនៅក្នុងទសវត្សរ៍មួយទៀត អាចប្រជែងនឹងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ ។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយសារព័ត៌មាន Al-Monitor របស់មជ្ឈិមបូព៌ា ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវិភាគទិន្នន័យព្រីមីស (Premise) ចន្លោះថ្ងៃទី ៤ ខែមីនាដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ នេះ ហើយបានសួរអ្នកឆ្លើយសំណួរចំនួន ២.៦៧០នាក់ នៅក្នុងប្រទេសចំនួនបួនអំពីទស្សនៈរបស់ពួកគេចំពោះឥទ្ធិពលរបស់មេដឹកនាំប្រទេសមហាអំណាច៣ នៅក្នុងតំបន់។
នៅពេលសួរថាតើមេដឹកនាំពិភពលោករូបណាក្នុងចំណោមមេដឹកនាំពិភពលោកទាំងបីដែលពួកគេចាត់ទុកថា ពេញចិត្តបំផុត ប្រហែល ៤៤,៤%ជ្រើសរើសយកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់មកប្រធានាធិបតីចិន Xi Jinping មានចំនួន៣៣,៨% ហើយមានតែ២១.៧ % ប៉ុណ្ណោះដែលនិយាយថាពួកគេពេញចិត្តលោកប្រធានាធិបតីអាមេរិក Joe Biden ។
លោក Putin ត្រូវបានគេមើលឃើញថាមានការពេញចិត្តច្រើនជាងគេនៅទូទាំងរដ្ឋទាំងបួនខាងលើ ដែលភាគច្រើននៅក្នុងប្រទេសអេហ្ស៊ីប មានអ្នកពេញចិត្តរូបលោក ចំនួន៥១,៦%។ លោក Biden មានប្រជាប្រិយជាងបន្តិចនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺ ២៩,២% នៃរដ្ឋទាំងអស់ ប៉ុន្តែនៅតែជាប់ចំណាត់ថ្នាក់លេខ ៣ ដដែល បន្ទាប់ពីលោក Putin គឺ៣៥,៥% និងលោកXi មាន ៣៥,៣%)។
សារព័ត៌មាន Al-Monitor ដដែលបានបញ្ជាក់ថាប្រជាប្រិយភាពរបស់ទីក្រុងវ៉ាស៊ីនតោនបានការប៉ះពាល់ដោយសារការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា៕