សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត និងមានលទ្ធភាពទទួលបានព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តលើការយកកូននៅក្នុងគ្រួសាររបស់ខ្លួននេះ។
ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិតជំនួស ២,១ ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំងនាពេលអនាគត។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រឱ្យបានជាអតិបរមា និងបញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០ សម្តេច ស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញ អំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូនៃយន្តការគាំទ្រសង្គមដល់យុវវ័យ និងគ្រួសារ នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០៕ អត្ថបទ៖វ៉ន ដារ៉ា