
មនុស្សជាច្រើនលាននាក់ បានសម្រុកធ្វើដំណើរពីរដ្ឋធានីហ្សាកាតា ទៅកាន់ស្រុកកំណើតរបស់ពួកគេនៅក្នុងការធ្វើដំណើរដ៏ធំប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ី ដែលគេស្គាល់ក្នុងស្រុកថា «ដំណើរទៅស្រុក» ឬជាភាសាជាតិថា «ម៉ូឌីក» (mudik) ហើយជាធម្មតាត្រូវបានសម្គាល់ដោយការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ជាពិសេសនៅលើកោះជ្វាដ៏ធំ ដើម្បីប្រារព្ធពិធីបុណ្យអ៊ីស្លាម អ៊ីតអាល់ហ្វីត (Eid al-Fitr) ក្នុងសប្តាហ៍នេះ។
ពិធីបុណ្យ ដែលត្រូវបានគេហៅថា លេបារ៉ាន (Lebaran) នៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះគឺជាការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។ បុណ្យនេះនឹងប្រារព្ធឡើងនៅថ្ងៃពុធ (១០ មេសា) ឆ្នាំនេះ ហើយសប្តាហ៍ទាំងមូលនឹងត្រូវបានប្រារព្ធពិធីដោយមនុស្សជាង ២២០ លាននាក់នៅឥណ្ឌូនេស៊ី ដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតមួយរបស់ពិភពលោក។
រូបភាពពីយានដ្រូនកាលពីថ្ងៃច័ន្ទ បានបង្ហាញរថយន្តរាប់ពាន់គ្រឿងកំពុងតម្រង់ជួរដើម្បីចូលសាឡាង ខណៈជាច្រើនទៀតកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែ ដែលលាតសន្ធឹងឆ្ងាយនៅខាងក្រៅផែ ម៉េរ់ាក់ (Merak) ដ៏ធំ។ ប្រជាជនរស់នៅក្នុងទីក្រុងហ្សាកាតា ដែលជាទីក្រុងមានប្រជាជនចំនួន ១១ លាននាក់ បានចាប់ផ្តើមចាកចេញពីរដ្ឋធានីកាលពីចុងសប្តាហ៍ នេះបើយោងតាមក្រសួងដឹកជញ្ជូន។
យោងតាមការស្ទង់មតិរបស់ក្រសួងបានឱ្យដឹងថា មនុស្សប្រហែល ១៩៣ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យ អ៊ីត ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាង ៥៦ ភាគរយបើធៀបនឹងចំនួនអ្នកធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យ អ៊ីត កាលពីឆ្នាំមុន៕