ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយ ដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដោយអាកាសធាតុនារដូវប្រាំងឆ្នាំនេះកើនកម្ដៅ។
នៅក្នុងសេចក្តីណែនាំស្តីពី វិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រក្នុងអំឡុងពេលអាកាសធាតុក្តៅ ចេញផ្សាយនៅរសៀលថ្ងៃទី៩ មេសា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ម្ចាស់ ឬនាយករោងចក្រទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ មានដូចជា៖ ១.ត្រូវបើកទ្វារបង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញក្នុងអគារធ្វើការ។ ២.ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើន និងញឹកញាប់យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។ ៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។ ៤.ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថា ដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។ និងទី៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី
