ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនឹងថ្នាក់ដឹកនាំ សាស្រ្តាចា្យ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សតទាំងអស់នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅបរិវេណសាកលវិទ្យាល័យបានរៀបចំពិធីសូត្រមន្តចម្រើនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ អបអរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនិងចូលមកដល់នៅថ្ងៃទី១៣-១៦ ខែមេសាខាងមុខនេះ។
នៅក្នុងឱកាសនៃពិធីសូត្រមន្តបង្សុកូល សុំសិរីសួស្តីនាពេលនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានធ្វើការអុបធូប បន់ស្រន់រាល់វត្ថុសាកសិទ្ធដែលបានឃុំគ្រងសាកលវិទ្យាល័យ ដើម្បីឧទ្ទិសបួងសួង សុំសេចក្តីសុខចម្រើន កើតមានដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត ជួបតែសេចក្តីសុខចម្រើន និងជោគជ័យរាល់ការងារ។ បន្ទាប់ពីពិធីសូត្រមន្តបានបញ្ចប់ រួចរាល់ ថ្នាក់ដឹកនាំ រួមនិងនិសិ្សត បានរៀបចំបើកកម្មវិធីកំសាន្តសង្រ្កាន្ត លេងល្បែងប្រជាប្រិយខ្មែរ ដូចជា៖ ល្បែងប្រពៃណី «វាយក្អម», ប្រកួតរាំវង់ប្រពៃណីខ្មែរ «ដណ្តើមកៅអី» ល្បែងជាក្រុម «ទាញព្រ័ត្រ» ល្បែងជាក្រុម «ចង្អុលទិស» និងល្បែងជាក្រុម «ជោគជ័យស្ថិតនៅខាងមុខក្រុមយើង»។
លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងថ្លែងប្រាប់ BTV ព័ត៌មានថា ចាប់ពីថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យ ដើម្បីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រី្តរាជការ បុគ្គលិក និងនិសិ្សតបានជួបជុំគ្នាសប្បាយរីករាយនាឱកាសឆ្នាំថ្មី ក៏ដូចជាបង្កើនភាពជិតស្និត ជាពិសេសស្វែងយល់ពីគ្នាតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ និងបង្កើតបានស្មារតីជាក្រុមផងដែរ។
ជាមួយគ្នានោះដែរ និសិ្សត ៣រូប កំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួមក្នុងកម្មវិធីកំសាន្តសង្រ្កាន្ត ស.វ.ស-ព.ស២៥៦៨ និងលេងល្បែងប្រជាប្រិយខ្មែរ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖
ក្នុងឱកាសនោះក៏មានការសម្ដែងរបាំជូនពរ និងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រពចង្រៃ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតផងដែរ៕
អត្ថបទ៖ រដ្ឋា




















