ព្រៃវែង៖ សង្រ្កាន្តស្រុកកំចាយមារ ត្រូវបានរៀបចំធ្វើនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅថ្ងៃទី៨ខែមេសានេះ ដោយបានបង្កើតកម្មវិធីសប្បាយរីករាយ ទាំងបុរាណ និងសម័យ ក្រោមការចូលរួមពីសិស្សនិស្សិតប្រមាណជាង២ម៉ឺននាក់ ដោយបរិយាកាសរីករាយ ។

ក្រោមការយកចិត្តទុកដាក់របស់របស់សម្ដេចចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជាបំផុសស្មារតីថែរក្សាប្រពៃណីជាតិ ល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស និងបង្កបរិយាកាសរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្ដេចបានជំរុញឱ្យគ្រប់រដ្ឋបាលរាជធានីខេត្ត ជំរុញឱ្យមានការរៀបចំសង្ក្រាន្តនៅតាមភូមិឃុំសង្កាត់ទីប្រជុំជន តាមក្រសួងស្ថាប័ន វត្តអារាម សាលារៀនទៅតាមលទ្ធភាពដែលអាចទៅបានដើម្បីផ្ដល់ការកម្សាន្តជូនប្រជាជន និងសិស្សនិស្សិត។

កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបចំក្រោមអធិបតីភាពពីឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ស.ស.យ.ក ខេត្តព្រៃវែង អភិបាលស្រុកកំចាយមារ សហការពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនស្រុកកំចាយមារ រៀបចំកម្មវិធីសង្រ្កានឆ្នាំថ្មី បំផុសស្មារតីយុវជន ពលរដ្ឋឱ្យចូលរួមលើកកម្ពស់តម្លៃវប្បធម៌ជាតិ សិល្បៈបុរាណរបស់ខ្មែរឱ្យបានគង់រង្ស ។
នាឱកាសបើកកម្មវិធីសង្ក្រាន្ត ឯកឧត្តម ខៀវ ភារិទ្ធ បានមានប្រសាសន៍ថា នេះជាលើកដំបូងដែល ស.ស.យ.ក ខេត្តព្រែវែង ក្រុមការងារ ស.ស.យ.ក ចុះជួយមូលដ្ឋានស្រុកកំចាយមារ បានរៀបចំសង្ក្រាន្តឆ្នាំថ្មីកាន់តែធំជាងរាល់ឆ្នាំ គឺពិតជាបានចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌របស់ខ្មែរ ព្រោះសង្ក្រាន្តនេះ មានកម្មវិធីសប្បាយៗជាច្រើន ការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំត្រុដិ ជារបាំប្រពៃណីខ្មែរ នាំមកសេចក្តីសុខ នាំមកលាភជ័យ បណ្ដេញឧបទ្រុពចង្រៃ។

ឯកឧត្តមបានលើកទឹកចិត្តដល់បណ្ដាស្រុកផ្សេងៗទៀត រៀបចំកម្មវិធីសង្រ្កាននេះទៅតាមលទ្ធ ភាពដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ភាពរីករាយដល់ពលរដ្ឋ ក៏ដូចជាយុវជនបន្តវេន ក្នុងការថែរក្សាប្រពៃណីជាតិ និងក៏ឱ្យសិស្សនិស្សិត អាចរំសាយអារម្មណ៍របស់ពួកគេក្រោយសម្រាកពីការសិក្សា។
អភិបាលស្រុកកំចាយមារ លោក ប៊ិន ជីវ័ន្ត និងសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ លោក សិទ្ធ ខន បានលើកទ្បើងស្វាគមន៍ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ដែលបានសហការរៀបចំកម្មវិធីសង្រ្កាន្តនេះទ្បើង ផ្ដល់ភាពរីករាយជូនសិស្សនិស្សិតសប្បាយរីករាយឆ្នាំនេះការ រៀបចំមានលក្ខណៈធំជាងឆ្នាំមុន។

លោក ម៉េង ហ៊ុយ ប្រធានក្រុមការងារចុះជួយស.ស.យ.ក ស្រុកកំចាយមារ បានលើកទ្បើងថា ឆ្នាំ នេះ ស.ស.យ.ក ខេត្តព្រៃវែង ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ បានសហការគ្នារៀបចំកម្មវិធីនេះទ្បើង និងបានរៀបចំជាស្ដង់តាំងបង្ហាញផលិតផលក្នុងឃុំទាំង៨ នៅមូលដ្ឋានស្រុកកំចាយមារ ដើម្បីផ្សព្វផ្សាយពីស្នាដៃ និងគាំទ្រផលិតផលខ្មែរ លើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ ពេញ សុភ័ក្រ្ត








