
តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECtHR) នឹងសម្រេចនៅថ្ងៃអង្គារ (០៩ មេសា) នេះថា តើសកម្មភាពដែលមិនទាន់គ្រប់គ្រាន់របស់រដ្ឋាភិបាលលើបម្រែបម្រួលអាកាសធាតុ អាចឈានដល់ការរំលោភសិទ្ធិមនុស្ស ឬយ៉ាងណា នៅក្នុងសេចក្តីសម្រេចចំនួនបី ដែលអាចផ្តល់ឥទ្ធិពលផ្លូវច្បាប់ដល់សកម្មជនអាកាសធាតុនៅទូទាំងទ្វីបនេះ និងជាកិច្ចខិតខំប្រឹងរបស់សកម្មជនអាកាសធាតុប្រឆាំងនឹងបណ្ដាប្រទេសឧស្ម័នផ្ទះកញ្ចក់ឈានមុខគេរបស់អឺរ៉ុប។
សំណុំរឿងនៅចំពោះមុខក្រុមចៅក្រមចំនួន ១៧ រូបនៅទីក្រុង ស្រ្តាសប៊ួ (Strasbourg) ប្រទេសបារាំង ចូលរួមក្នុងនិន្នាការកើនឡើងនៃសហគមន៍ ដែលដាក់បណ្ដឹងអាកាសធាតុប្រឆាំងនឹងរដ្ឋាភិបាលដោយមានអំណះអំណាងលើច្បាប់សិទ្ធិមនុស្ស។
ជ័យជំនះលើសេចក្តីសម្រេចមួយក្នុងចំណោមបីនោះ អាចបង្ខំឱ្យមានការផ្លាស់ប្តូរគោលនយោបាយជាតិបន្ថែមទៀតដើម្បីឱ្យប្រទេសនានារក្សាគោលដៅដែលបានព្រមព្រៀងជាសកលដើម្បីទប់ស្កាត់ការឡើងកម្ដៅពិភពលោកជាមធ្យមដល់ ១,៥ អង្សាសេ។
នៅក្នុងឯកសារដំបូង ដែលបានដាក់ក្នុងឆ្នាំ២០២០ យុវជនព័រទុយហ្គាល់ ៦ នាក់បានចោទប្រកាន់ប្រទេសចំនួន ៣២ ដែលជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឈានមុខគេរបស់អឺរ៉ុប ពីការខកខានក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដីដ៏មហន្តរាយ ដែលពួកគេនិយាយថាគំរាមកំហែងដល់សិទ្ធិរស់រានមានជីវិតរបស់មនុស្ស ហើយពួកគេមិនស្នើសុំសំណងហិរញ្ញវត្ថុទេ ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលដើម្បីកាត់បន្ថយការបំភាយឧស្ម័ន៕