
ជនភៀសខ្លួននៅភាគកណ្តាលតំបន់ហ្កាហ្សា បានទទួលជំនួយពីទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (០៨ មេសា) មុនការប្រារព្ធពិធីបុណ្យ អ៊ីត អាល់ហ្វីត (Eid al-Fitr) រយៈពេលប្រាំមួយខែនៃយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ប៉ុន្តែអ្នកស្រុកនៅតែត្អូញត្អែរ ខណៈភាពស្រេកឃ្លានគ្របដណ្ដប់ហ្កាហ្សា។
ទីភ្នាក់ងារជំនួយបាននិយាយថា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា បានរុញច្រានតំបន់ហ្កាហ្សា ដល់កម្រិតនៃភាពអត់ឃ្លាន ទោះបីជាជំនួយមួយចំនួនទៀតកំពុងចាប់ផ្តើមហូរចូលក៏ដោយ។ ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា និយាយថា ជំនួយបន្ថែមនេះមិនគ្រប់គ្រាន់ក្នុងការបន្ធូរបន្ថយស្ថានភាពដ៏លំបាកនេះទេ ខណៈអ្នករស់នៅក្នុងទឹកដីដ៏តូចចង្អៀតស្ទើរតែទាំងអស់ ត្រូវផ្លាស់ទីលំនៅចេញពីលំនៅឋានរបស់ពួកគេ។
បុណ្យ អ៊ីត អាល់ហ្វីត ដែលជាពិធីបុណ្យបញ្ចប់ការតមអាហាររបស់សាសនាឥស្លាមនៃខែរ៉ាម៉ាដាន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅហ្កាហ្សា នៅថ្ងៃពុធ (១០ មេសា) អាស្រ័យទៅលើដំណើរមើលឃើញច្បាស់នៃព្រះចន្ទ ប៉ុន្តែមានភាពរីករាយតិចតួចណាស់សម្រាប់ប្រជាជនប៉ាឡេស្ទីននៅឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលទទួលបានប្រអប់ជំនួយនៅជំរំបានប្រាប់សារព័ត៌មានរ៉យទ័រ ថា «មិនទាន់គ្រប់គ្រាន់ទេ» ហើយ «រយៈពេលជិតពីរខែ» ចាប់តាំងពីការផ្តល់ជំនួយស្បៀងអាហារចុងក្រោយ គេបានឃើញកុមារនៅរស់រានមានជីវិតដោយ «ហូបអាហារត្រឹមតែពីរពេល» ក្នុងមួយថ្ងៃ ដោយក្នុងមួយពេលមិនមានសូម្បីតែបន្លែល្អសម្រាប់ការលូតលាស់៕