
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មូសកំពុងញាស់មុនរដូវកាលនៅក្នុងប្រទេសអាហ្សង់ទីន និងរាលដាលដល់តំបន់ត្រជាក់ៗ ជាងកាលពីមុនដោយសារការកើនឡើងនៃសីតុណ្ហភាពជំរុញឱ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុតរបស់ប្រទេស និងបង្កើនហានិភ័យនៃការរាតត្បាតជាប្រចាំនៃមេរោគឆ្លងពីសត្វមូសមួយនេះ។
រហូតមកដល់ពេលនេះ ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ ប្រទេសអាមេរិកខាងត្បូងនេះបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ២៣២.៩៩៦ ករណី ដែលគេស្គាល់ថាឈ្មោះ «ជំងឺគ្រុនក្តៅបាក់ឆ្អឹង» ដោយសារការឈឺចាប់សាច់ដុំធ្ងន់ធ្ងរ និងឈឺសន្លាក់ ដែលជំងឺនេះអាចបង្កឡើង រួមជាមួយនឹងគ្រុនក្តៅខ្លាំង ឈឺក្បាល ក្អួត និង កន្ទួលស្បែក។
ទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញថា នោះគឺខ្ពស់ជាងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៃចំនួន ១៣០.០០០ ករណីដែលបានកត់ត្រាកាលពីរដូវកាលមុន និងលើស ៥ ដងនៃតួលេខនៅចំណុចដូចគ្នាកាលពីឆ្នាំមុន។ ករណីគ្រុនឈាម ជាធម្មតាកើនឡើងនៅចុងរដូវក្តៅប្រហែលខែមីនា ដល់ខែមេសា ប៉ុន្តែជំងឺបានចាប់ផ្តើមលឿនជាងមុននៅក្នុងដូវនេះ។
នៅប្រទេសអាហ្សង់ទីន ការផ្ទុះឡើងនៃជំងឺនៅឆ្នាំនេះបានធ្វើឱ្យមន្ទីរពេទ្យកាន់តែតានតឹង ហើយតម្រូវការថ្នាំបាញ់មូសកើនឡើង ដោយអ្នកលក់តម្លើងថ្លៃខ្ពស់ ខណៈរដ្ឋាភិបាលបានចាត់វិធានការបន្ធូរបន្ថយការនាំចូលថ្នាំបាញ់មូស ដើម្បីបំពេញតម្រូវការ៕