
ទាហានចំនួន១២នាក់ បានចេញដំណើរពីទីក្រុងប៊ែរឡាំងកាលពីព្រឹកថ្ងៃចន្ទ ដើម្បីបង្កើតមូលដ្ឋានទ័ពអាល្លឺម៉ង់ជាអចិន្ត្រៃយ៍ដំបូងគេលើទឹកដីបរទេស ចាប់តាំងពីសង្រ្គាមលោកលើកទី២។
នៅក្នុងពេលវេលាដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រនៃកងទ័ពអាល្លឺម៉ង់សម័យទំនើប ទាហាន បានហោះហើរពីរដ្ឋធានីអាល្លឺម៉ង់ទៅកាន់ទីក្រុងវីលនីញូស(Vilnius) ក្នុងប្រទេសលីទុយអានី ជាទីដែលពួកគេ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបាល់ទិកនេះ។
លោក Laurynas Kasciunas បានពណ៌នាការមកដល់របស់ទាហានទាំងនេះថា ជា «ការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់ទាំងប្រទេសលីទុយអានី និងអាល្លឺម៉ង់»។
ឥឡូវនេះ កងទ័ពនឹងសាងសង់មូលដ្ឋានចំនួនពីរ គឺមួយនៅខាងក្រៅរដ្ឋធានី និងមួយទៀត នៅខាងក្រៅទីក្រុងទីពីរ គឺKaunas ។ ប្រទេសអាល្លឺម៉ង់ បាននិយាយថា មូលដ្ឋានទ័ពទាំងនោះ នឹងអាចដំណើរការបាន ហើយត្រៀមខ្លួនជាស្រេច ដើម្បីដាក់ទាហានចំនួន ៥.000នាក់ នៅឆ្នាំ ២០២៧។
លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយថា៖«យើងកំពុងបញ្ជូនសញ្ញាច្បាស់លាស់នៃសាមគ្គីភាពជាមួយនឹងការឈរជើងជាអចិន្ត្រៃយ៍នៃកងពលតូចនេះ នៅក្នុងប្រទេសលីទុយអានី»។
លោកបានបន្ថែមថា៖«ថ្ងៃនេះ គឺជាថ្ងៃដ៏សំខាន់សម្រាប់កងពលតូច សម្រាប់កងទ័ពអាល្លឺម៉ង់ និងសម្រាប់អង្កាការណាតូ»។