
មេដឹកនាំនៃប្រទេសបារាំង អេហ្ស៊ីប និងហ្ស៊កដានី កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) បានព្រមានអ៊ីស្រាអែល ចំពោះការគំរាមកំហែងវាយលុក នៅទីក្រុង Rafah (រ៉ាហ្វា) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយជំរុញឲ្យមានបទឈប់បាញ់ «ភ្លាមៗ» នៅក្នុងសង្រ្គាមរបស់ខ្លួនទល់នឹងក្រុមហាម៉ាសនេះ។
នៅក្នុងអត្ថបទវិចារណកថារួមមួយដែលត្រូវបានចេញផ្សាយនៅតាមសារព័ត៌មានជាច្រើននោះ មេដឹកនាំទាំងនោះបានលើកឡើងថា៖ «យើងព្រមានពីការមានផលវិបាកដ៏គ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ជាកន្លែងដែលជនស៊ីវិលប៉ាឡេស្ទីនជាង ១,៥លាននាក់ បានស្វែងរកកន្លែងជ្រកកោន»។
វិចារណកថានោះ បានបន្ថែមថា៖ «ការវាយលុកបែបនេះនឹងត្រឹមតែនាំមកនូវការបាត់បង់ជីវិត និងការឈឺចាប់កាន់តែច្រើនបន្ថែមទៀត បង្កើនហានិភ័យ និងផលវិបាកនៃការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្កាហ្សា ហើយនិងគំរាមកំហែងដល់ការកើនឡើងនូវជម្លោះក្នុងតំបន់ប៉ុណ្ណោះ»។
វិចារណកថានេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងព្រះអង្គម្ចាស់ Abdullah II នៃប្រទេសហ្ស៊កដានី។
ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសទាំង៣ បានជំរុញថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមាន «បទឈប់បាញ់បន្ទាន់» នោះ ត្រូវតែអនុវត្តទាំងស្រុងដោយគ្មានការពន្យារពេលបន្ថែមទៀតនោះឡើយ» ហើយថា ចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ត្រូវតែដោះលែង ស្របតាមការទាមទាររបស់ក្រុមប្រឹក្សាផងដែរ។
ចំណែកសហរដ្ឋអាមេរិក នៅមុននេះ ក៏បាននិយាយថា ខ្លួនប្រឆាំងនឹងការវាយប្រហារណាមួយលើទីក្រុង Rafah បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ថា កាលបរិច្ឆេទសម្រាប់ការវាយប្រហារមួយត្រូវបានកំណត់៕