
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់របស់ចិន នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បាននិយាយថា ទីក្រុងប៉េកាំងនឹង «ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ» ជាមួយទីក្រុងមូស្គូ អំឡុងពេលជួបជាមួយសមភាគី ដើម្បីពិភាក្សាពីបញ្ហានានា។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) ដោយប្រទេសទាំង២ កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងការទូតបន្ថែមទៀត ខណៈដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងបន្តមាន។
គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ហើយភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ មានភាពជិតស្និទ្ធកាន់តែខ្លាំងឡើងៗ ចាប់តាំងពីមានការលុកលុយលើអ៊ុយក្រែន។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រទេសចិនមានប្រៀបក្នុងទំនាក់ទំនងជាមួយរុស្ស៊ីនេះ ដោយឥទ្ធិពលរបស់ប្រទេសនេះបន្តកើនឡើងជាលំដាប់ ខណៈដែលទីក្រុងមូស្គូ មានភាពឯកោជាអន្តរជាតិកាន់តែខ្លាំងឡើងៗ។
ហើយនៅក្នុងកិច្ចប្រជុំ នាថ្ងៃអង្គារនេះ លោក Wang Yi បានសន្យាថា៖ «ប្រទេសចិននឹងគាំទ្រការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Vladimir Putin»។ ហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានឲ្យដឹងថា «ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនៅលើឆាកអន្តរជាតិ និងផ្តល់ការគាំទ្រឲ្យគ្នាទៅវិញទៅមក»។
ជាការតបត្រឡប់ទៅវិញ លោក Lavrov បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ «ការគាំទ្រ» របស់ប្រទេសនេះ បន្ទាប់ពីមានការជាប់ឆ្នោតឡើងវិញនាពេលថ្មីៗនេះរបស់ប្រធានាធិបតីលោក Putin ដែលរូបលោកមិនត្រូវបានជំទាស់ដោយក្រុមប្រឆាំងធំណាមួយឡើយ។ លោក Lavrov បានទៅបំពេញទស្សនកិច្ចចុងក្រោយនៅទីក្រុងប៉េកាំងក្នុងខែតុលា ដើម្បីចូលរួមវេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក Xi Jinping៕