ភ្នំពេញ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា នាថ្ងៃទី៨ ខែមេសានេះ បានសម្ពោធជាផ្លូវការនូវកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមានឯកឧត្តម William Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សមាគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ តំណាងពីស្ថាប័នឯកជន និងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិជាច្រើន។
ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជម្រុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះ មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូមិនអាចខ្វះបានរបស់ក្រុមហ៊ុននៅក្នុងទិដ្ឋភាពពាណិជ្ជកម្មសកល។ លោក បានបន្តថា ព្រឹត្តិការណ៍នេះដែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូថ្មីដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និងអាជីវកម្មផ្សេងៗទៀត។
នៅក្នុងពិព័រណ៍ធុរកិច្ចនេះទៀតសោត មានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនដែលជាដៃគូសហការនានា ហើយក៏មានការតាំងបង្ហាញផលិតផលជាច្រើន ដូចជាយានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល ទូរគមនាគមន៍ដឹកជញ្ជូន និងផលិតផលផ្សេងៗជាច្រើនទៀត ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅដឹព្រីមៀ សេនធ័រ សែនសុខ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅប្រទេសម្ពុជាអស់រយៈពេល ៣២ឆ្នាំមកហើយ និងបានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងប្រមាណ ៤ពាន់នាក់។ អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជារថយន្ត Fordជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានដំឡើងរថយន្តចំនួន ៤ពាន់គ្រឿងរួចមកហើយ។ ទាំងអស់នេះសបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យយានយន្តជាវិស័យអាទិភាពក្នុងការទាក់ទងវិនិយោគ៕
អត្ថបទ ៖ ឈិត បូរ៉ាវី











