ជប៉ុន៖ វីរុសរាតត្បាត Covid-19 បានប៉ះពាល់យ៉ាងខ្លាំងលើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូចាប់តាំងពីការពន្យារពេលកាលពីឆ្នាំមុន ដោយធ្វើឱ្យមានការផ្លាស់ប្ដូររូបរាងនៃព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានពីមុនមក។ ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានគ្របដណ្ដប់ដោយវីរុសរាតត្បាតសកល COVID-19 ក្រុមអត្តពលិកជាច្រើនត្រូវបានចាកចេញ ដើម្បីសម្រាលបន្ទុកបញ្ហាក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ។

នៅពេលពិធីបើកចាប់ផ្ដើមនៅថ្ងៃសុក្រនេះម៉ោង ៨យប់ម៉ោងនៅប្រទេសជប៉ុន វានឹងបញ្ចប់ការរំពឹងទុកជាច្រើនខែទៅលើថា តើអូឡាំពិកអាចនឹងដំណើរការទៅមុខបានដែរ ឬអត់ ឬព្រមទាំងឱ្យមានសំណួរបន្ថែមទៀតអំពីរបៀបដែល Covid-19 អាចប៉ះពាល់លើសប្ដាហ៍ក្រោយៗទៀត។ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ២០២០ នឹងទទួលភ្ញៀវអត្តពលិកប្រមាណ ១១.០០០នាក់ដែលតំណាងឱ្យជាង ២០០ប្រទេស ហើយពួកគេនឹងស្នាក់នៅក្នុងអគារចំនួន ២១។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអត្តពលិកទាំងអស់នេះនឹងស្ថិតនៅក្នុងទីក្រុងតូក្យូ សម្រាប់រយៈពេលនៃការប្រកួតទាំងមូលទេ។ ក្រុមអ្នករៀបចំកម្មវិធីបាននិយាយថា អត្តពលិកនឹងត្រូវបានរំពឹងថានឹងមកដល់ភូមិអូឡាំពិក ៥ថ្ងៃមុនការប្រកួតរបស់ពួកគេ ហើយចាកចេញយ៉ាងតិច ២ថ្ងៃក្រោយចប់ព្រឹត្តិការណ៍។
រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកនិយាយថា កង្វល់ចម្បងរបស់ពួកគេគឺការឆ្លងរាលដាលវីរុស Covid-19 ប៉ុន្តែក៏មានការកើនឡើងនូវការមិនសប្បាយចិត្ត និងកំហឹងចំពោះឥរិយាបថ និងការរិះគន់ដល់ការរស់នៅរបស់ប្រជាជននៅទីនេះ ដោយគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC)៕
អត្ថបទ៖ សុខមាន