
ក្រសួងពាណិជ្ជកម្មទួរគី នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ បានឲ្យដឹងថា ប្រទេសទួរគីនឹងកម្រិតការនាំចេញលើផលិតផលជាច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងនោះរួមទាំងដែកថែប និងឥន្ធនៈយន្តហោះផងដែរ រហូតដល់បទឈប់បាញ់ត្រូវបានប្រកាស នៅក្នុងតំបន់ហ្កាហ្សា ដែលនេះជាវិធានការសំខាន់ដំបូងរបស់ទីក្រុងអង់ការ៉ាប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមានសង្គ្រាមរយៈពេល ៦ខែ។
ប្រទេសទួរគីបានថ្កោលទោសអ៊ីស្រាអែល ចំពោះយុទ្ធនាការរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សាដែលបានចាប់ផ្តើមឡើង បន្ទាប់ពីមានការវាយប្រហារយ៉ាងកម្រោលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា។ ទីក្រុងអង់ការ៉ាបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ គាំទ្រវិធានការនាំអ៊ីស្រាអែលទៅកាន់តុលាការពីបទប្រល័យពូជសាសន៍ និងបានបញ្ជូនជំនួយរាប់ពាន់តោនឲ្យប្រជាជននៅតំបន់ហ្កាហ្សា។
តែទីក្រុងអង់ការ៉ាក៏បានរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែលផងដែរ បើទោះបីជាបានបញ្ចេញវោហាសាស្ត្រខ្លាំងៗក៏ដោយ ដែលការបន្តធ្វើបែបនេះជំរុញឲ្យមានប្រតិកម្មក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការប្រកាសរបស់ទីក្រុងអង់ការ៉ា ដែលថា ខ្លួននឹងចាត់វិធានការ ដោយសារអ៊ីស្រាអែលបានច្រានចោលសំណើរបស់ខ្លួន ដើម្បីចូលរួមក្នុងការទម្លាក់ជំនួយពីយន្តហោះ ក្រសួងបាននិយាយថា ការរឹតបន្តឹងនឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារនេះតទៅ។
ក្រសួងបានឲ្យដឹងថា វិធានការនេះនឹងអនុវត្ត ចំពោះការនាំចេញលើផលិតផល ៥៤ប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមានដែក ថ្មម៉ាប ដែកថែប ស៊ីម៉ងត៍ អាលុយមីញ៉ូម ឥដ្ឋ ជី សម្ភារផ្គត់ផ្គង់សំណង់ និងផលិតផល ឥន្ធនៈអាកាសចរណ៍ និងច្រើនមុខផ្សេងទៀត។
គួរបញ្ជាក់ថា ភ្លាមៗក្រោយសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសបានផ្ទុះឡើង ទួរគី និងអ៊ីស្រាអែលបានដកឯកអគ្គរដ្ឋទូតរៀងៗខ្លួន។ ចំណាត់ការនៅថ្ងៃអង្គារនេះ គឺជាវិធានការសំខាន់ដំបូងដែលធ្វើឡើងដោយទីក្រុងអង់ការ៉ាប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញទំនាក់ទំនងពាណិជ្ជកម្មរបស់រដ្ឋាភិបាលរបស់លោកជាមួយអ៊ីស្រាអែល៕